លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថាយោធាប្រទេសរបស់លោកបានសម្លាប់លោក Hassan Nasrallah មេដឹកនាំក្រុម Hezbollah ដែលត្រូវបានសន្មត់ជាអ្នកដឹកនាំថ្មីដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុងបេរូតកាលពីថ្ងៃទី២៧ ខែកញ្ញា។
លោក Hashem Safieddine ជាបងប្អូនជីដូនមួយរបស់លោក Nasrallah និងជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងក្រុម Hezbollah ត្រូវគេរំពឹងនឹងជំនួសលោក។ លោកមិនបាននិយាយអ្វីទេចាប់តាំងពីសប្តាហ៍មុនមក នៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ខ្លាំងជាបន្តបន្ទាប់លើក្រុងបេរូតដែលជាទីតាំងដ៏រឹងមាំរបស់ក្រុម Hezbollah។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមានប្រទេសលីបង់កាលពីថ្ងៃអង្គារថាលីបង់អាចប្រឈមការបំផ្លិចបំផ្លាញ«ដូចជាតំបន់ហ្គាហ្សា»នៅពេលដែលអ៊ីស្រាអែលបង្កើនការវាយប្រហារថ្មើរជើងរបស់ខ្លួនប្រឆាំងនឹងក្រុម Hezbollah នៅតាមបណ្តោយផ្នែកខាងត្បូងនៃឆ្នេរសមុទ្ររបស់លីបង់។ នេះបើតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការព្រមានខ្លាំងៗរបស់លោក Netanyahu បានកើតមានឡើងនៅពេលយោធាអ៊ីស្រាអែលបានបញ្ជូនកងទ័ពកាន់តែច្រើនឡើងហើយបានជំរុញឱ្យជនស៊ីវិលនៅក្នុងតំបន់តាមឆ្នេរសមុទ្រជម្លៀសចេញ។
លោកNetanyahu បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់ពលរដ្ឋលីបង់ដោយផ្ទាល់ថា«លោក អ្នកមានឱកាសដើម្បីជួយសង្គ្រោះលីបង់មុនពេលវាធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងសង្គ្រាមយ៉ាងយូរដែលនឹងនាំដល់ការបំផ្លិចបំផ្លាញនិងការឈឺចាប់ដូចជាយើងបានឃើញនៅក្នុងតំបន់ហ្កាហ្សា»។
លោកបានថ្លែងថា«ខ្ញុំនិយាយទៅកាន់អស់លោក អ្នក ប្រជាពលរដ្ឋលីបង់ថា រំដោះប្រទេសលោកអ្នកពីក្រុម Hezbollah ការធ្វើដូច្នេះ សង្គ្រាមនេះអាចបញ្ចប់»។
ក្រុម Hezbollah បាននិយាយកាលពីដំបូងថាខ្លួនបានបាញ់គ្រាប់រ៉ុក្កែតដាក់កំពង់ផែ Haifaរបស់អ៊ីស្រាអែល បន្ទាប់ពីយោធាអ៊ីស្រាអែលបានរាយការណ៍ថាមានគ្រាប់រ៉ុក្កែត៨៥គ្រាប់បានបាញ់ចេញពីទឹកដីលីបង់។
អ៊ីស្រាអែលបានពង្រីកកិច្ចប្រតិបត្តិការនៅក្នុងប្រទេសលីបង់ជិតមួយឆ្នាំបន្ទាប់ពីក្រុម Hezbollahបានចាប់ផ្តើមការបាញ់តបតគ្នានៅក្នុងការគាំទ្រក្រុមហាម៉ាស់ដែលជាសម្ពន្ធមិត្តរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដ៏ប្រល័យរបស់ក្រុមប៉ាឡេស្ទីនទៅលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ខណៈដែលប្រយុទ្ធជាមួយពួកហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា អ៊ីស្រាអែលបានប្តេជ្ញាការពារព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយលីបង់ដើម្បីអនុញ្ញាតឱ្យជនជាតិអ៊ីស្រា អែលរាប់ពាន់នាក់ដែលគ្មានទីកន្លែងរស់នៅដោយការបាញ់ប្រហារឆ្លងកាត់ព្រំដែនរបស់ក្រុម Hezbollahវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។
ទាំងក្រុមហាម៉ាស់និង Hezbollah បានប្តេជ្ញាមិនបញ្ឈប់ប្រឆាំងនឹងអ៊ីស្រាអែលហើយកាលពីថ្ងៃអង្គារ អនុប្រធានរបស់ក្រុម Hezbollah លោក Naim Qassem បាននិយាយថាក្រុមនោះនឹងធ្វើឱ្យពលរដ្ឋអ៊ីស្រាអែលមិនមានលទ្ធភាពវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងវិញឡើយ។
អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងទីតាំងក្រុម Hezbollah នៅក្នុងប្រទេសលីបង់កាលពីថ្ងៃទី២៣ ខែកញ្ញា ដោយបានបន្សល់ទុកមនុស្សស្លាប់យ៉ាងតិចណាស់ក៏១.១៥០នាក់ចាប់តាំងពីនោះមកបានបង្ខំឱ្យមនុស្សជាង១លាននាក់រត់គេចចេញពីផ្ទះសម្បែង៕