អ៊ីស្រាអែលត្រូវ​គេរាយការណ៍​ថា​បាន​​លួច​ស៊ើប​ការណ៍​​សម្ងាត់​អំពី​កិច្ច​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​​អាមេរិក​ លោក​ John Kerry ឆ្វេង​ ជួប​ប្រជុំ​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ លោក​ Mohammad Javad Zarif ស្តាំ​ អំពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ក្នុង​ក្រុង Lausanne​ ប្រទេស​ស្វីស​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៥។

ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​មហា​អំណាច​៥​ទៀត​របស់​ពិភពលោក ​បាន​ធ្វើ​ការ​ចរចា​នុយក្លែអ៊ែ​ជាមួយ​អ៊ី​រ៉ង់ ​អ៊ី​ស្រាអែលដែល​ជា​សម្ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ប្រាស់​ការ​ស៊ើបការណ៍​ ដើម្បី​ប្រមូល​សេចក្តី​លម្អិត​នៃ​ការចរចា​សម្ងាត់​ ហើយ​នឹង​ធ្វើ​ការងារ​នៅ​ពីក្រោយ​ឆាក​ដើម្បី​បំផ្លាញ​កិច្ច​ព្រម​ព្រៀងដ៏​ធំ​មួយ​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​យប់ថ្ងៃ​ច័ន្ទ​ដោយ​កាសែត Wall Street Journal។

កាសែត Journal ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ក្រុម​មន្រ្តីសេតវិមាន​បាន​ដឹង​កាល​ពី​ឆ្នាំ​ទៅ​ថា ​អ៊ីស្រាអែល​បាន​ប្រើ​ប្រាស់​ការលួច​ស្តាប់​ពី​ព័ត៌មានសម្ងាត់​ខ្លី​ៗរបស់​សហរដ្ឋ​អាមេរិក​ ពី​អ្នកស៊ើបការណ៍​និង​ការទាក់​ទង​ក្រុម​អ្នក​ការទូត​អឺរ៉ុប​ ដើម្បី​សិក្សា​ពី​សេចក្តី​លម្អិត​នៃ​ការចរចានេះ។ សេចក្តី​រាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​អ៊ីស្រាអែល​បានបដិសេធ​ពី​ចារកម្ម​ដោយ​ផ្ទាល់​លើ​សហរដ្ឋ​អាមេរិក​ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ទទួល​បាន​ព័ត៌មាន​ដោយក្រុម​មេ​ដឹកនាំ​ឃ្លាំង​មើល​របស់​អ៊ីរ៉ង់​ដែល​បាន​ទទួល​ព័ត៌មាន​ថ្មី​ៗ​ស្តី​ពី​ការចរចា​នោះ។

ក្រុម​អ្នក​ការទូត​និង​អ្នក​ជំនាញ​ការ​មក​ពី​ប្រទេស​អ៊ីរ៉ង់ ​និង​ក្រុម​ដែល​រួម​ទាំង​សហរដ្ឋ​អាមេរិក​ ​អង់​គ្លេស ​ចិន ​បារាំង ​រុស្ស៊ី​និង​អាល្លឺម៉ង់ ​កំពុង​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀងដែល​ធ្វើ​ឲ្យ​ប្រាកដ​ថា ​អ៊ី​រ៉ង់​មិន​ស្វះស្វែង​ស្ថាបនា​អាវុធ​នុយក្លេអ៊ែរនៅ​ក្នុង​ការ​ដោះ​ដូរទៅ​នឹង​ការបន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ដ៏​ខ្លាំង។ ភាគី​ទាំងអស់​បាន​ព្រម​ព្រៀង​រក្សា​សេចក្តី​លម្អិត​នៃ​ការចរចារ​របស់​ខ្លួន​ជា​ការសម្ងាត់ ​ដើម្បី​ព្យាយាម​រារាំង​ពី​ឥទ្ធិពល​ខាង​ក្រៅកុំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធ​ផល​នៃ​ការ​ចរចា​នេះ។

ថ្វី​បើ​មាន​ការសន្យា​ពី​ការ​រក្សា​ការ​សម្ងាត់​ក៏​ដោយ ​ក្រុម​មន្រ្តី​អ៊ី​ស្រាអែល​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ម្តង​ហើយ​ម្តង​ទៀត​ដោយ​អះអាង​ថា ​កិច្ច​ព្រម​ព្រៀង​ដ៏​ខ្លាំង​មួយ​មិន​ខ្លាំង​ល្មម​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អ៊ីរ៉ង់​នឹង​មិន​អាច​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​បាន​ទេ៕