ក្រុមអ្នកចរចានៃប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានប្រកាសនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចឈប់បាញ់គ្នានៅក្នុងទឹកដីហ្គាហ្សា។ កិច្ចព្រមព្រៀងខាងលើនេះធ្វើឡើងបន្ទាប់កងទ័ពអ៊ីស្រាអែលទើបតែបានប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ជាប់សមុទ្រMediterranee ដែលកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់ក្រុមហាម៉ាស់។
បទឈប់បាញ់គ្នានេះបានចូលជាធរមានកាលពីថ្ងៃអង្គារនៅម៉ោង៤រសៀល។ គេឃើញមានប្រជាពលរដ្ឋជនជាតិប៉ាឡេស្ទីនជាច្រើននាក់ បានចេញមកតាមដងផ្លូវនានាដើម្បីអបអរសាទរកិច្ចឈប់បាញ់គ្នានេះ។
ប្រទេសអេហ្ស៊ីបដែលបានដើរតួជាអ្នកសម្របសម្រួលក្នុងកិច្ចព្រមព្រៀងឈប់បាញ់គ្នាខាងលើ ក៏បានទទូចចង់ឲ្យប្រទេសអ៊ីស្រាអែលបញ្ឈប់សកម្មភាពរារាំងក្បួនរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌ និងសម្ភារៈកសាងចូលក្នុងទឹកដីហ្គាហ្សាដែលរងការខ្ទេចខ្ទាំដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់៕