យន្តហោះចម្បាំង អ៊ីស្រាអែល បានវាយប្រហារទៅលើគោលដៅក្នុងតំបន់ Gaza នៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលពួកសកម្មប្រយុទ្ធបន្តបាញ់គ្រាប់រ៉ុកកែតទៅលើតំបន់ភាគខាងត្បូងនៃប្រទេស អ៊ីស្រាអែល ដែលបណ្តាលឲ្យមានភាពតានតឹងរីកកាន់តែខ្លាំងឡើង នៅក្នុងឧបទ្ទវហេតុសម្លាប់យុវជនជាតិអារ៉ាប់ម្នាក់នៅក្នុងទីក្រុង Jerusalem ភាគខាងកើត។
កងយោធា អ៊ីស្រាអែល និយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារតម្រង់ទៅលើ«គោលដៅភេរវកម្ម១៥ទីតាំងរបស់ពួក Hamas» នៅក្នុងតំបន់ Gaza Strip។ មន្រ្តី ប៉ាឡេះស្ទីន និយាយថា មានជនស៊ីវិល ១០ នាក់ត្រូវរបួស។
មន្រ្តីអ៊ីស្រាអែលនិយាយថា ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងគ្រាប់ រ៉ុកែត២០គ្រាប់ដែលពួកសកម្មប្រយុទ្ធបានបាញ់ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ដែលក្នុងនោះ២គ្រាប់បានធ្លាក់ទៅត្រូវផ្ទះ២ខ្នង ក្នុងក្រុង Sderot តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សត្រូវរងរបួសទេ៕