ប៉ូលិសអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងតែស្វែងរកតាមចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលបានធ្វើការបាញ់ប្រហារនៅខាងក្រៅក្លឹបរាត្រីមួយក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សអស់ចំនួន២នាក់ និងរបួស៣នាក់ផ្សេងទៀត។
កាមេរ៉ាសុវត្ថិភាពរបស់ហាងទំនិញមួយដែលនៅក្បែរនោះបានចាប់យករូបភាពខ្មាន់កាំភ្លើងរូបនោះ ដែលមានពាក់វ៉ែនតា និងមានកាតាបស្ពាយពីក្រោយមួយផង ដោយរូបគេបានបន្លំជាអតិថិជនចូលទិញទំនិញ។
កាមេរ៉ានោះក៏បានបង្ហាញពីសកម្មភាពដែលបុរសម្នាក់នោះកំពុងតែដើរឆ្ពោះទៅកាន់ច្រកចូលរបស់ហាងទំនិញនោះ ដោយបានដាក់កាតាបទៅក្នុងកន្ត្រកទិញឥវ៉ាន់ ហើយបន្ទាប់មកបានដកកាំភ្លើងចេញ និងដើរឆ្ពោះទៅកាន់ដងផ្លូវ រួចក៏ចាប់ផ្តើមធ្វើការបាញ់ប្រហារតែម្តង។ បន្ទាប់មក ជនដៃដល់នោះបានរត់គេចខ្លួនបាត់។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Associated Press ឪពុករបស់ជនដៃដល់បានស្គាល់ថា ជននោះជាកូនប្រុសរបស់ខ្លួនតាមរយៈរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលបានផ្សព្វផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ១០របស់អ៊ីស្រាអែល និងសេចក្តីប្រកាសរបស់អាជ្ញាធរ។
ការវាយប្រហារនេះបានកើតឡើងខណៈពេលដែលសាកសពជនប៉ាឡេស្ទីនចំនួន២៣នាក់ ដែលត្រូវបានគេសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារប៉ុន្មានលើកក្នុងរយៈពេលថ្មីៗនេះទៅលើពួកអ៊ីស្រាអែល ត្រូវបានគេបញ្ជូនទៅកាន់តំបន់ West Bank វិញ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
អ្នកនាំពាក្យយោធារបស់អ៊ីស្រាអែល និងប្រភពរបស់ប៉ាឡេស្ទីនបានបញ្ជាក់កាលពីថ្ងៃសុក្រថា ប្រតិបត្តិការត្រូវបានបញ្ចប់ហើយ។ ជាទូទៅ អ៊ីស្រាអែលមិនបញ្ជូនសាកសពជនដៃដល់ប៉ាឡេស្ទីនទៅវិញភ្លាមៗនោះទេ៕