កិច្ច​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ចូល​ដល់​ថ្ងៃ​ទី ៥ បន្ទាប់ពី​ពន្យារ​បន្ថែម

មនុស្ស​ម្នា​អបអរ​ពេល​ទទួល​ព័ត៌មាន​ពីការដោះលែង​ចំណាប់ខ្មាំង​១៣នាក់​ដោយក្រុម​ហាម៉់ាស់​នៅ​ហ្កាហ្សា​ក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​កាលពីថ្ងៃទី​២៤ វិច្ឆិកា ឆ្នាំ២០២៣។

ប្រទេស​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​ដោះដូរ​អ្នក​ទោស​និង​ចំណាប់ខ្មាំង​បន្ថែម​ទៀត​នៅ​ពេល​ដែល​កិច្ច​ឈប់​បាញ់​គ្នា​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥ នៅ​ថ្ងៃ​អង្គារ​នេះ។

អ៊ីស្រាអែល​បាន​សន្យា​បន្ត​ការ​ផ្អាក​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​ក្រុម​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) មួយ​ថ្ងៃ​បន្ថែម​ទៀត​ផុត​កិច្ច​ឈប់​បាញ់​គ្នា​ដែល​បាន​ព្រមព្រៀង​ដំបូង​រយៈពេល ៤ ថ្ងៃ ដើម្បី​ឱ្យ​ក្រុម​ហាម៉ាស់​ដោះលែង​ចំណាប់ខ្មាំង ១០ នាក់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន ៣០ នាក់​ដែល​ជាប់​ឃុំ​ក្រោម​បទ​ល្មើស​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ដោះដូរ​មួយ​លើកៗ។

ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​ថា​ខ្លួន​ពិតជា​បាន​យល់ព្រម​ជាមួយ​នឹង​ការ​ពន្យារ​បន្ថែម ២ ថ្ងៃ​ទៀត​នៃ​កិច្ច​ឈប់​បាញ់​គ្នា​នេះ «នៅ​ក្រោម​លក្ខខណ្ឌ​ដដែល»។

ប្រទេស​កាតា​បាន​ជួយ​ចរចា​ឱ្យ​មាន​ការ​ពន្យារ​បន្ថែម​នេះ។ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញ ដែល​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​នេះ​ដរាបណា​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំង បាន​បញ្ជាក់​ថា ខ្លួន​បាន​ស្វាគមន៍​ការ​ពន្យារ​បន្ថែម​នូវ​ការ​ឈប់​ប្រយុទ្ធ​គ្នា​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ឈប់​ប្រយុទ្ធ​គ្នា​នេះ​បាន «អនុញ្ញាត​ឱ្យ​ជំនួយ​មនុស្សធម៌​កាន់តែ​ច្រើន​បន្ថែម​ទៀត​គួរ​ឱ្យ​កត់​សម្គាល់​ចូល​ដល់​ដៃ​ជន​ស៊ីវិល​ស្លូតត្រង់​ដែល​រងគ្រោះ​នៅ​ទូទាំង​តំបន់​ហ្កាហ្សា»។ លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បញ្ឈប់​កិច្ច​ប្រឹងប្រែង​ការទូត​របស់​ខ្លួន​នោះ​ទេ​រហូត​ទាល់តែ​ចំណាប់ខ្មាំង​ទាំង​អស់​ដែល​ក្រុម​ហាម៉ាស់​ចាប់​ឃុំ​ត្រូវ​បាន​ដោះលែង។

ការ​ដោះដូរ​លើក​ទី ៤ នូវ​ចំណាប់​ខ្មាំង​ដែល​ក្រុម​ហាម៉ាស់​ចាប់​ឃុំ​ជាមួយ​នឹង​អ្នក​ទោស​ប៉ាឡេស្ទីន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នេះ​បាន​បញ្ចប់​ទៅ​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​និយាយ​ថា​ចំណាប់ខ្មាំង ១១ នាក់​ដែល​ក្រុម​ហាម៉ាស់​ចាប់​ឃុំ​ត្រូវ​បាន​ដោះលែង ហើយ​អាជ្ញាធរ​ពន្ធនាគារ​អ៊ីស្រាអែល​ថា​អ្នក​ទោស​ប៉ាឡេស្ទីន ៣៣ នាក់​ត្រូវ​បាន​ដោះលែង។ សរុប​មក ចំណាប់ខ្មាំង​អ៊ីស្រាអែល ៥០ នាក់ និង​អ្នក​ទោស​ប៉ាឡេស្ទីន ១៥០ នាក់​ត្រូវ​បាន​ដោះលែង​ក្នុង​អំឡុង​ពេល ៤ ថ្ងៃ​ដំបូង​នៃ​កិច្ច​ឈប់​បាញ់​គ្នា។

ទោះបីជា​កិច្ច​ឈប់​បាញ់​គ្នា​ដែល​ពន្យារ​បន្ថែម​នេះ​បង្ក​ឱ្យ​មាន​ក្ដី​រំពឹង​ថា​នឹង​មាន​កិច្ច​ឈប់​បាញ់​គ្នា​រយៈ​ពេល​យូរ​ក៏ដោយ ក៏​អ៊ីស្រាអែល​នៅតែ​ប្រកាន់​ខ្ជាប់​តាម​គោល​បំណង​ដែល​កំណត់​ទុក​យ៉ាង​ជាក់​ច្បាស់​របស់​ខ្លួន​ដដែល​នៅ​ក្នុង​ការ​កម្ទេច​សមត្ថភាព​យោធា​របស់​ក្រុម​ហាម៉ាស់​និង​បញ្ចប់​ការ​ត្រួតត្រា​រយៈពេល ១៦ ឆ្នាំ​របស់​ក្រុម​នេះ​លើ​តំបន់​ហ្កាហ្សា៕


ប្រធាន​ការិយាល័យ VOA ប្រចាំ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Nike Ching និង​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Anita Powell រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។