ប្រទេសអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពរបស់ខ្លួនបានប្រយុទ្ធជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នៅទូទាំងតំបន់ហ្កាហ្សា (Gaza) ដែលក្នុងនោះរួមមានទាំងការសម្លាប់យុទ្ធជនរាប់សិបនាក់ នៅក្នុងផ្នែកកណ្ដាលនិងខាងជើងនៃតំបន់ហ្កាហ្សាផងដែរ។ ស្របពេលនោះដែរ អ៊ីស្រាអែលក៏បានវាយប្រហារតាមអាកាសលើទីក្រុង Khan Younis នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាផងដែរ។
ការប្រយុទ្ធគ្នាបានបន្ត ស្របពេលដែលអ្នកចរចាសំណើបទឈប់បាញ់គ្នាថ្មីមួយរង់ចាំស្ដាប់ដំណើរវិវឌ្ឍន៍នៃការចរចាកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលកិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការផ្អាកការប្រយុទ្ធគ្នារយៈពេលខ្លីនិងការដោះលែងអ្នកទោសដែលក្រុមហាម៉ាស់ដាក់ឃុំនៅក្នុងតំបន់ហ្កាហ្សា។
ចំណុចត្រួសៗនៃសំណើនេះគឺជាសមិទ្ធផលនៃការពិភាក្សានៅក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំងក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក អ៊ីស្រាអែល កាតា និងអេហ្ស៊ីបកាលពីដើមសប្ដាហ៍នេះ។ មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងគែរនៃប្រទេសអេហ្ស៊ីបដើម្បីពិភាក្សាអំពីផែនការនេះ។
នៅពេលសួរអំពីសេចក្ដីលម្អិតនៃសំណើនេះក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃពុធនៅឯសេតវិមាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា គ្មានផ្នែកណាមួយយកជាបានការនៅឡើយទេរហូតទាល់តែកិច្ចព្រមព្រៀងចុងក្រោយត្រូវបានសម្រេចឡើង។
ក្រុមហាម៉ាស់បានអំពាវនាវឱ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍និងឱ្យមានការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា។
ទីភ្នាក់ងារជំនួយនិងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ា (UNRWA) បានបញ្ជាក់ថា ដោយសារសង្គ្រាមតឹងតែងនៅក្នុងតំបន់ មនុស្ស ១៨៤.០០០ នាក់ បានចុះឈ្មោះសម្រាប់ជំនួយមនុស្សធម៌នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងបានភៀសខ្លួនទៅកៀកនឹងតំបន់មាត់សមុទ្រមេឌីទែរ៉ាណេ។
ប្រធានទីភ្នាក់ងារជំនួយមនុស្សធម៌អង្គការសហប្រជាជាតិលោក Martin Griffiths បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ប្រជាជនតំបន់ហ្កាហ្សាប្រហែល ៧៥% ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងថាពួកគេកំពុងរស់នៅក្នុងស្ថានភាព «ដ៏យ៉ាប់យ៉ឺននិងកាន់តែអាក្រក់ឡើង»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។