អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ព្រមព្រៀងគ្នា​ដើម្បី​បន្ត​ការឈប់បាញ់​គ្នា​១ថ្ងៃ​ទៀត​

ជនជាតិ​ប៉ាឡេស្ទីន​ចម្អិន​អាហារ​នៅ​ខាងមុខ​អគារ​បាក់បែក​អំឡុង​បទឈប់បាញ់រវាង​ហាម៉ាស់​និង​អ៊ីស្រាអែលកាលពីថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ២០២៣។

អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​និយាយ​ថា​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បន្ត​ការឈប់បាញ់​គ្នា​រយៈពេល​១​ថ្ងៃ​បន្ថែម​ទៀត។កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​បញ្ជូន​សារ​ជា​ភាសា​ហ៊ីប៊្រូ​តាម​ប្រព័ន្ធ​សង្គម​X ​ ថា៖​«ដោយសារ​ការខំប្រឹងប្រែង​របស់​អ្នក​សម្រប​សម្រួល​ដើម្បី​បន្ត​ដំណើការ​នៃ​ការដោះលែង​ចំណាប់ខ្មាំង​និង​អាច​មាន​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នោះ ​ការឈប់​បាញ់​គ្នា​នឹង​បន្ត»។

សេចក្តីថ្លែងការណ៍​បាន​កើត​មាន​ឡើង​ប្រហែល​១៥​នាទី​មុន​ការឈប់​បាញ់គ្នា​ត្រូវ​បញ្ចប់។

អ៊ីស្រាអែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ការមិន​សប្បាយចិត្ត​នឹងបញ្ជី​ឈ្មោះ​របស់​ចំណាប់ខ្មាំង​មុន​ដំបូង​ដែល​ក្រុម​ហាម៉ាស់​បាន​ស្នើ​ដើម្បី​បាន​បន្ត​ការឈប់​បាញ់​គ្នា​នេះ។

ក្រុម​ហាម៉ាស់​បាន​និយាយ​ថា​អ៊ីស្រាអែល​បាន​បដិសេធ​ការស្នើសុំ​របស់​ខ្លួន​ដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​ស្ត្រី៧​នាក់​និង​កូន​ក្មេង​ម្នាក់​និង​សាកសព​៣​ផ្សេង​ទៀត​ដែល​ពួក​សកម្មប្រយុទ្ធ​បាន​និយាយ​ថា​ត្រូវ​បាន​សម្លាប់​ក្នុង​ការទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល។ ក្រុម​ហាម៉ាស់​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ចំណាប់​ខ្មាំង​១០​នាក់​ដែល​ជា​ស្ត្រី​និង​កូនក្មេង​បាន​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ខ្លួន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinkenបាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Isaack Herzogនៅ​ក្នុង​ទីក្រុង Tel Aviv នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នៅឯ​ការចាប់ផ្តើម​ជំនួប​នោះ លោក Blinken បាន​ប្រាប់​លោក​ប្រធានាធិបតី Isaack ថា​សហរដ្ឋ​អាមេរិក​ជឿ​ថា​ការឈប់​បាញ់​គ្នា​កំពុង​ធ្វើ​ឱ្យ​មាន​លទ្ធផល​ហើយ​ត្រូវតែ​បន្ត​គឺ​«យើង​បាន​ឃើញ​កាលពី​ចុង​សប្តាហ៍​ពី​ការអភិវឌ្ឍ​វិជ្ជមាននៃ​ចំណាប់ខ្មាំង​វិល​ត្រឡប់​ទៅផ្ទះ​វិញ ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ហើយ​ថា​ការឈប់បាញ់​គ្នា​នេះ​ត្រូវតែ​បន្ត​នៅ​ថ្ងៃ​នេះ។ វា​ក៏​អាចជា ការបង្កើន​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល​ស្លូតត្រង់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​ត្រូវការ​ជំនួយ​នេះ​យ៉ាង​ខ្លាំង។

ក្នុង​សេចក្តីថ្លែងការណ៍​ របស់​លោក​ប្រធានាធិបតីHerzog ​បាន​បញ្ជាក់​ថា​ការវាយ​ប្រហារ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​ខ្មាន់​កាំភ្លើង​ប៉ាឡេស្ទីន​២​រូប​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ទីក្រុង Jerusalem​ហើយបាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់៣នាក់​និង​របួស​រាប់​សិប​នាក់​ទៀត​ជា​ឧទាហរណ៍​មួយ​នៃ​«សង្គ្រាម​មិន​ចេះចប់»ដែល​អ៊ីស្រាអែល«កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​ភេរវកម្ម ជាពិសេស​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ពេល​វេលា​ដ៏​ស្មុគ្រស្មាញ​និង​ប្រឈម​ទាំង​នេះ»៕

អ្នក​ស្រី Nike Ching ប្រធាន​ការិយាល័យ​វីអូអេ​ប្រចាំ​ក្រសួង​ការបរទេស​អាមេរិក​រាយការណ៍​រឿង​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង Ruters