កិច្ចឈប់បាញ់គ្នាបណ្ដោះអាសន្នរវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានចូលដល់ថ្ងៃទី ៦ នៅថ្ងៃពុធនេះ ដោយភាគីទាំងពីររំពឹងថានឹងដោះលែងចំណាប់ខ្មាំងនិងអ្នកទោសបន្ថែមទៀត ស្របពេលដែលអ្នកចរចាជំរុញឱ្យមានការពន្យារបន្ថែមនូវកិច្ចឈប់បាញ់គ្នានេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បានប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិកបានធ្វើការជាមួយប្រទេសអ៊ីស្រាអែល កាតា និងអេហ្ស៊ីបដើម្បីព្យាយាមធ្វើយ៉ាងណាឱ្យមានការពន្យារបន្ថែមនូវកិច្ចឈប់បាញ់គ្នានេះ។
កិច្ចព្រមព្រៀងដំបូងតម្រូវឱ្យអ៊ីស្រាអែលផ្អាករយៈពេល ៤ ថ្ងៃនូវយុទ្ធនាការរបស់ខ្លួនក្នុងការកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដោយក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង ៥០ នាក់ដែលខ្លួនបានចាប់ក្នុងអំឡុងពេលវាយប្រហារលើអ៊ីស្រាអែលកាលពីខែមុន ហើយអ៊ីស្រាអែលត្រូវដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០ នាក់។ ការផ្អាកការប្រយុទ្ធនេះក៏អនុញ្ញាតផងដែរឱ្យមានការបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា (Gaza)។
ការពន្យារបន្ថែមរយៈពេល ២ ថ្ងៃនេះត្រូវបានធ្វើឡើងក្រោមលក្ខខណ្ឌតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង ១០ នាក់បន្ថែមទៀតក្នុងមួយថ្ងៃហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត។
យោធាអ៊ីស្រាអែលបាននិយាយថា ចំណាប់ខ្មាំង ១២ នាក់ដែលជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា ដែលក្នុងនោះមានជនជាតិអ៊ីស្រាអែល ១០ នាក់និងជនបរទេស ២ នាក់ ត្រូវបានដឹកទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីល្ងាចថ្ងៃអង្គារនៅក្នុងការដោះលែងជុំថ្មីចុងក្រោយបង្អស់នេះ។ ជាថ្នូរមកវិញ អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០ នាក់ ដែលក្នុងនោះស្ត្រី ១៥ នាក់និងបុរសវ័យក្មេង ១៥ នាក់ពីពន្ធនាគារតំបន់ West Bank និងមណ្ឌលឃុំឃាំងក្រុងហ្សេរុយសាឡិម។ នេះបើយោងតាមអង្គការ Palestinian Prisoners Club។
នៅឯសមរភូមិការទូតឯណោះវិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃពុធនេះដែលផ្ដោតលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក៏គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់នោះផងដែរនៅល្ងាចថ្ងៃពុធនេះ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក៕
ប្រធានការិយាល័យ VOA ប្រចាំក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Nike Ching និងអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានអ្នកស្រី Anita Powell រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។