អ៊ីស្រាអែលបានពង្រីកសង្គ្រាមរបស់ខ្លួនប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់កាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្សយ៉ាងតិច ២៧០ នាក់ និងធ្វើឱ្យមនុស្សជាង ១.០០០ នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារថ្មីតាមអាកាសដ៏មហិមាដែលបានបង្កើនការភ័យខ្លាចថាសង្គ្រាមពេញទីនឹងផ្ទុះឡើង។
យោធាអ៊ីស្រាអែលថាខ្លួនបានវាយប្រហារលើគោលដៅជាង ៨០០ កន្លែង ខណៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់បានរាយការណ៍អំពីការវាយប្រហារធ្ងន់ធ្ងរនៅទូទាំងតំបន់ជាច្រើននៅផ្នែកខាងត្បូងលីបង់។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោកឧត្តមនាវីទោ Daniel Hagari បាននិយាយក្នុងសារជាវីដេអូមួយថា កងកម្លាំងអ៊ីស្រាអែលធ្វើដូចនេះគឺដើម្បីឆ្លើយតបទៅនឹងសញ្ញាបង្ហាញឱ្យដឹងដែលថាក្រុមហេសបូឡាកំពុងត្រៀមបាញ់តម្រង់ទៅដែនដីអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបានរំឭកពលរដ្ឋរស់នៅតាមជ្រលងភ្នំ Bekaa នៅប៉ែកខាងកើតប្រទេសលីបង់ឱ្យនៅឆ្ងាយពីកន្លែងផ្គត់ផ្គង់សព្វាវុធរបស់ក្រុមហេសបូឡា។
លោក Hagari បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា៖ «យើងកំពុងបន្តតាមដានការត្រៀមខ្លួនរបស់ក្រុមហេសបូឡានៅតាមទីតាំងផ្ទាល់ដើម្បីបញ្ចៀសជាមុនមិនឱ្យមានការវាយប្រហារលើដែនដីអ៊ីស្រាអែល ហើយយើងក៏កំពុងពង្រីកការវាយប្រហាររបស់យើងជាប្រព័ន្ធលើក្រុមហេសបូឡាផងដែរ»។
មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីប៉ែកខាងត្បូងប្រទេសលីបង់ ដោយធ្វើឱ្យស្ទះផ្លូវជាតិល្បឿនលឿនដ៏សំខាន់ឆ្ពោះទៅកាន់រដ្ឋធានីបេរូត៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP។