អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​តំបន់​ Gaza

ភ្លើង​ឆេះ​នា​ពេល​យប់​នៅ​ក្នុង​ទីក្រុង Gaza ខណៈ​ដែល​កងកម្លាំង​អ៊ីស្រាអែល​ធ្វើ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​កាល​ពី​ព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ​(Gaza)​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ដោយ​និយាយ​ថា​ វា​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​គ្រាប់​បែក​ឧស្ម័ន​ពី​ទឹក​ដី​ប៉ាឡេស្ទីន។​

ការ​វាយ​ប្រហារ​នេះ​កំណត់​គោល​ដៅ​លើ​ទីតាំង​របស់​ក្រុម​ហាម៉ាស​ (Hamas)​ ​និង​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​មួយ ​ដែល​បាន​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ដោយ​ហិង្សា​រយៈ​ពេល​១១​ថ្ងៃ​រវាង​ភាគី​ទំាង​ពីរ​កាល​ពីខែ​មុន។​

ក្រុមហាម៉ាស​បាន​ព្រមាន​ថា ​ខ្លួន​នឹង​ចាត់​វិធាន​ការ ​ ប្រសិន​បើ​ក្រុម​អ្នក​ជាតិ​និយម​អ៊ីស្រាអែល​បន្ត​ផែន​ការ​ដើរ​ក្បួន​នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្ស៊េរុយសាឡិម ​(Jerusalem) ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ។​

មនុស្ស​រាប់​រយ​នាក់​បង្ហាញ​ខ្លួន​ក្នុង​ការ​ដើរ​ហែក្បួន ​ដោយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ច្រកទ្វារ​ដាម៉ាស ​(Damascus) ​នៃ​ទីក្រុង​ហ្ស៊េរុយសាឡិម​ចាស់ ​មុន​ពេល​ធ្វើ​ដំណើរទៅ​កាន់​ជញ្ជាំង​ខាង​លិច។​

ក្នុង​ចំណោម​អ្នក​ដើរ​ក្បួន​ទាំងនោះ​ ​ អ្នក​ខ្លះ​ស្រែក​ថា​ «ស្លាប់​ទៅ​អារ៉ាប់» ​ដែល​រង​ការ​រិះ​គន់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​គឺ​លោក​ Yair Lapid ​ដែល​បាន​សរសេរ​នៅ​លើ ​Twitter ​ថា​ សកម្មភាព​បែប​នេះ​គឺ​ជា​រឿង​ «អាម៉ាស់» ​និង​មិន​សម​ជា​អ្នក​កាន់​សាសនា​យូដា ​ឬមិន​សមជា​ពលរដ្ឋ​អ៊ីស្រាអែល​ឡើយ។​

មុន​ការ​ដើរ​ក្បួន ប៉ូលិស​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដើរ​ក្បួន​ដើរតាម​ផ្លូវ​មួយ​ក្បែរ​ទ្វារ​ដាម៉ាស ​ប៉ុន្តែ​មិន​ឲ្យ​ចូល​តាម​ទ្វារ​ ​ចូល​ទៅ​កាន់​សង្កាត់​របស់​មូស្លីម​ (Muslim Quarter) ​នោះ​ទេ។ ​ច្រក​ទ្វារ​នោះ​គឺ​ជា​ចំណុច​រសើប​ ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ខែ​មេសា ​និង​ឧសភា។​

ការ​ប៉ះទង្គិច​គ្នា​នោះ​បាន​រាល​ដាល​ដល់​បវិវេណ​វិហារ​ Al-Aqsa ​ជា​ទីកន្លែង​សក្ការៈ​របស់​ជនជាតិ​ជ្វីស្ហ​ និង​មូស្លីម។​

នៅ​ក្នុង​ខែ​ឧសភា​ ​ភាពតាន​តឹង​បង្ក​ឲ្យ​ក្រុម​ហាម៉ាស​ចាញ់​គ្រាប់​រ៉ុក្កែត​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ​បង្ក​ឲ្យ​មាន​សង្គ្រាម​រយៈ​ពេល ​១១ ​ថ្ងៃ​ដែល​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ ២៥០ ​នាក់ ​និង​ពលរដ្ឋ​អ៊ីស្រាអែល ​១៣ ​នាក់។​

ទោះ​បី​ជា​រដ្ឋាភិបាល​ចម្រុះ​ថ្មី​របស់​អ៊ីស្រាអែលបារម្ភ​ថា ​ការ​ដើរ​ក្បួន​នេះអាច​នឹង​បង្ក​ហេតុ​ក៏​ដោយ​ ​ ក៏​ការ​លុប​ចោល​ការ​ដើរ​ក្បួន​នេះ​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បញ្ហា​នយោបាយលំបាក​សម្រាប់​រដ្ឋាភិបាល​នេះ​ ដែល​រួម​មាន​គណបក្សគ្រប់​និន្នាការ​យោបាយ ​រួម​ទំាង​គណបក្ស​អារ៉ាប់​តូច​មួយ​ផង​ដែរ។​

អ៊ីស្រាអែល​បាន​ចួល​កាន់កាប់​ទីក្រុង​ហ្ស៊េរុយសាឡិម ​ខាង​កើត​ក្នុង​ឆ្នាំ ​១៩៦៧ ​និង​ភ្ជាប់​វា​ជា​របស់​ខ្លួន​ ដោយ​សហគមន៍​អន្តរជាតិមិន​ទទួល​ស្គាល់។​ អ៊ីស្រាអែល​ចាត់ទុក​គ្រប់​ផ្នែកទំាង​អស់​នៃ​ទីក្រុង​ ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​ខ្លួន រីឯ​ប៉ាឡេស្ទីន​ប្រមើល​មើល​ទីក្រុង​ហ្ស៊េរុយសាឡិម​ខាង​កើត​ជា​រដ្ឋ​ធានី​របស់​រដ្ឋ​ខ្លួន​នៅ​ថ្ងៃ​អនាគត៕