ក្រុមសកម្មប្រយុទ្ធ Islamic State កាលពីថ្ងៃអង្គារម្សិលមិញបានបង្ហោះវីដេអូឃ្លីបមួយតាមប្រព័ន្ធអ៊ីនធឺណិតបង្ហាញពីកាត់ក្បាលអ្នកកាសែតជនជាតិអាមេរិកម្នាក់ទៀត។ អ្នកកាសែតរូបនោះមានឈ្មោះថា Steven Sotloff។
ឃាតករដែលពាក់ម៉ាស់បិទមុខជិតបានអះអាងថាក្រុមខ្លួនអាចនឹងសម្លាប់ចំណាប់ខ្មាំងជនជាតិអង់គ្លេសម្នាក់ទៀតមានឈ្មោះថា David Haines ហើយព្រមានរដ្ឋាភិបាលប្រទេសអង់គ្លេសកុំឲ្យចូលរួមក្នុងផែនការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុម Islamic State។
ក្នុងវីដេអូនោះឃាតករបានបញ្ជាក់ថាការសម្លាប់អ្នកកាសែត Sotloff គឺជាការសងសឹកនឹងសហរដ្ឋអាមេរិកដែលរវាយប្រហារតាមអាកាសលើក្រុមរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Jen Psaki និយាយថាក្រុមមន្ត្រីជំនាញកំពុងធ្វើការពិនិត្យលើឃ្លីបវីដេអូនោះ។ដោយឡែកកាលពីខែសីហាក្រុមសកម្មប្រយុទ្ធ Islamic State ក៏បានបង្ហោះវីដេអូដែលបង្ហាញពីការសម្លាប់អ្នកកាសែតជនជាតិអាមេរិកJim Foleyផងដែរ៕