ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយយកបានអាគាររដ្ឋាភិបាលក្នុងមូលដ្ឋានដែលមានកំផែងព័ទ្ធជុំវិញនៅក្នុងក្រុង Ramadi នៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសុក្រដោយបានលើកទង់ខ្មៅរបស់ពួកគេនៅលើទីរួមខេត្ត Anbar។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក៏សមាជិកម្នាក់នៃសភាប្រទេសអ៊ីរ៉ាក់បាននិយាយប្រាប់វីអូអេផ្នែកផ្សាយជាភាសា Kurde ថាទីក្រុងនេះមិនមែនឋិតនៅក្នុងការត្រួតត្រាទាំងស្រុងរបស់ពួករដ្ឋអ៊ីស្លាមទេ។ គេមានជំនឿថាកងកម្លាំងរដ្ឋាភិបាលនៅកាន់កាប់មជ្ឈមណ្ឌលបញ្ជាការយោធាមួយនៅក្នុងប៉ែកខាងលិចនៃក្រុង Ramadi។
កាលពីយប់មិញក្រុមយុទ្ធជនរដ្ឋអ៊ីស្លាមបានប្រើគ្រាប់បែកផ្ទុះដើម្បីបើកផ្លូវចូលទៅក្នុងផ្នែកកណ្តាលនៃក្រុងនេះ។
ការវាយលុកនេះជាដំណើរថយក្រោយមួយរបស់កងកម្លាំងរដ្ឋាភិបាលដែលបានប្រយុទ្ធនៅលើរណសិរ្សជាច្រើនដើម្បីវាយយកមកវិញនូវដែនដីដែលបានបាត់បង់ទៅក្នុងកណ្តាប់ដៃក្រុមបះបោរ ហើយកាលពីពេលមុននេះក្នុងឆ្នាំនេះកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់បានវាយយកបានមកវិញនូវក្រុង Tikrit ពីក្រុមជនសកម្មប្រយុទ្ធនេះ៕