ក្រុម​រដ្ឋអ៊ីស្លាម​បង្ហោះ​ព័ត៌មានក្រុម​បុគ្គលិក​​យោធា​អាមេរិក​ ហើយ​ជំរុញ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​សម្លាប់​ក្រុម​បុគ្គលិក​នោះ​

រូបភាព​ចាប់​បាន​ពី​អេក្រង់​ពី​សេចក្តី​ប្រកាស​ពី​ «Islamic State Hacking Division»។

ក្រុម​រដ្ឋ​អ៊ីស្លាម​បានផ្សព្វផ្សាយតាម​បណ្តាញ​អ៊ិនធឺណែត​នូវ​អ្វី​ដែល​ពួកគេ​និយាយ​ថា​ជា​ឈ្មោះ​ អាសយដ្ឋាន​និង​រូបថត​នៃ​ក្រុម​បុគ្គលិក​យោធា​ស.រ.អា​១០០នាក់​និង​បាន​លើកទឹកចិត្ត​ក្រុម​អ្នកគាំទ្រ​ខ្លួន​នៅ​ក្នុង​ស.រ.អា​ឲ្យ​សម្លាប់​ក្រុម​ទាហាន​អាមេរិកាំង​ទាំង​នោះ។

ក្រុម​មួយ​ដែល​ហៅ​ខ្លួន​ឯង​ថា​ Islamic State Hacking Division បានសរសេរ​នៅ​ក្នុង​គេហទំព័រ​ខ្លួន​ថា​ ពួក​គេ​«ធ្វើ​ឲ្យ​មាន​ការ​ងាយ​ស្រួល​ដល់​ពួក​អ្នក​ដោយ​ផ្តល់​អាសយដ្ឋាន​ផ្សេងៗ។ ​អ្វី​ដែល​ពួក​អ្នកត្រូវ​ធ្វើ​គឺ​ចាត់វិធានការ​ក្នុង​ដំណាក់ការ​ចុងក្រោយ។​ តើ​ពួក​អ្នក​នៅ​ចាំអ្វី​ទៀត»?

ក្រសួង​ការពារ​ប្រទេស​ស.រ.អា​និយាយ​ថា​ ខ្លួន​កំពុង​ធ្វើការ​ស៊ើបអង្កេត​ ហើយ​និយាយ​ថា​ ខ្លួន​តែងតែ​លើក​ទឹកចិត្ត​ក្រុម​ទាហាន​អាមេរិកាំង​ឲ្យ​ប្រុងប្រយ័ត្ន​ការពារខ្លួន​ជានិច្ច។​

មន្ត្រី​ម្នាក់​បាននិយាយ​ប្រាប់​កាសែត The New York Times ថា​ ក្រុម​ជន​សកម្មប្រយុទ្ធ​ហាក់ដូចជា​មិន​បាន​លបលួច​ចូល​ទៅ​យក​ព័ត៌មាន​ពី​គេហទំព័រ​រដ្ឋាភិបាល​ស.រ.អា​ទេ​ ហើយ​ថា​ព័ត៌មាន​ភាគ​ច្រើនអាច​បើក​មើល​បាន​ជា​សាធារណៈ៕