មានសេចក្តីរាយការណ៍ថា កូនប្រុសរបស់ Abu Bakir al-Baghdadi មេដឹកនាំក្រុមរដ្ឋឥស្លាមបានស្លាប់នៅក្នុងបេសកកម្មវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង ហូមស៍ ក្នុងប្រទេសស៊ីរីភាគខាងលិច។
បណ្តាញព័ត៌មាន al-Nashir របស់ក្រុមរដ្ឋឥស្លាមបានចុះផ្សាយរូបថតក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Hudhayfah al-Badri ដែលគេសន្មត់ថា ជាកូនប្រុសរបស់ al Baghdadi ហើយបាននិយាយថា ជននោះបានបាត់បង់ជីវិតនៅក្នុងកិច្ចប្រតិបត្តិការមួយប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលបានដាក់ពង្រាយនៅក្នុងទីក្រុងហូមស៍ហើយនិងកងទ័ពរដ្ឋាភិបាលស៊ីរីដែលក្រុមរដ្ឋឥស្លាមហៅថា Nusayriyyah។
បណ្តាញព័ត៌មាននោះរាយការណ៍ថា «Hudhayfah al-Badri កូនប្រុសរបស់មេដឹកនាំក្រុមរដ្ឋឥស្លាមបានស្លាប់នៅក្នុងកិច្ចប្រតិបត្តិការអត្តឃាតប្រឆាំងនឹងពួក Nusayriyyah និងកងទ័ពរុស្ស៊ីនៅឯស្ថានីយថាមពលក្នុងទីក្រុងហូមស៍»។
យោធាសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ខ្លួនបានឃើញរបាយការណ៍ពីការស្លាប់របស់ al-Badri ក៏ប៉ុន្តែ បានបដិសេធពុំព្រមធ្វើការបញ្ជាក់។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានប្រាប់ VOAថា «វាជាការមិនត្រឹមត្រូវសម្រាប់យើងធ្វើអត្ថាធិប្បាយលើការវាយប្រហារលើកងទ័ពនៅខាងក្រៅក្រុមចម្រុះនោះ។ យើងមិនមានអ្វីដើម្បីផ្តល់ព័ត៌មានបន្ថែមទេ»។
Baghdadi មានដើមកំណើតអ៊ីរ៉ាក់ដែលមានឈ្មោះពិតប្រាកដគឺ Ibrahim Awad al-Badri បានប្រកាសបង្កើតរដ្ឋឥស្លាមក្នុងទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់នៅខែមិថុនា ឆ្នាំ២០១៤ហើយបានឲ្យខ្លួនឯងធ្វើជាមេដឹកនាំក្រុមរដ្ឋឥស្លាម។ សហរដ្ឋអាមេរិកបានប្រកាសក្បាលមេដឹកនាំរូបនេះ ដែលមានតម្លៃ២៥លានដុល្លារ៕