ក្រុម​រដ្ឋ​អ៊ីស្លាម​​នៅ​ស្ងៀម​ស្ងាត់​ បន្ទាប់​ពី​ថ្ងៃ​កំណត់​បាន​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ការ​ប្តូរ​ចំណាប់​ខ្មាំង

រូបភាព​បង្ហាញ​ពី​អ្នក​បើក​យន្ត​ហោះ​យោធា​ប្រទេស​ហ្ស៊កដានី​លោក​ Maaz al-Kassasbeh (ខាងឆ្វេង) ដែល​ត្រូវ​បាន​ក្រុម​រដ្ឋ​អ៊ីស្លាម​ចាប់​ជា​ចំណាប់​ខ្មាំង​ និង​នាង​ Sajida al-Rishawi (ខាងស្តាំ) ដែល​ជា​ជន​គ្រាប់​បែក​អត្តឃាត​​កំពុង​ជាប់​ទោស​ប្រហារជីវិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​។​

គ្រួសារ​របស់​អ្នក​កាសែត​ជាតិ​ជប៉ុន​ និង​អ្នក​បើក​យន្តហោះ​ជាតិ​ហ្ស៊កដានី​ ដែល​ត្រូវ​ក្រុមរដ្ឋ​អ៊ីស្លាម​ចាប់​ខ្លួន​ កំពុង​នៅ​រង់​ចាំ​ព័ត៌មាន​អំពី​ភ័ព្វ​វាសនា​របស់​អ្នក​ទាំង​ពីរ​ បន្ទាប់​ពី​ការ​កំណត់​ពេល​មួយ​ទៀត​សម្រាប់​ការ​ប្តូរ​ចំណាប់​ខ្មាំង​ បាន​កន្លង​ផុត​ទៅ​ ដោយ​គ្មាន​សេចក្តី​ប្រកាស​ណា​មួយ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។​

នៅ​ក្នុងសម្លេង​ថត​ដែល​ត្រូវ​បាន​ផ្សាយ​តាម​អ៊ីនធឺណែត​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ បុរស​ម្នាក់​ដែល​បាន​សម្គាល់​ខ្លួន​ឯង​ថា​ឈ្មោះ​ Goto​ បាន​និយាយ​ថា​ ចំណាប់​ខ្មាំង​ជា​មួយ​លោក​ គឺ​លោក​ Mu'ath​ al-Kasaesbeh​ ដែល​ជា​អ្នក​បើក​យន្តហោះ​ជាតិ​ ហ្ស៊កដានី​ នឹង​ត្រូវ​សម្លាប់​ភ្លាម​ បើ​ប្រទេស​ហ្ស៊កដានី​មិន​ដោះលែង​ភេរវករ​ឈ្មោះ​ នាង​ Sajida​ al-Rishawi​ ដែល​ជាប់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​ សម្រាប់​មុខ​នាទី​របស់​នាង​នៅ​ក្នុង​ការ​ដាក់​គ្រាប់​បែក​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​នៅ​ទី​ក្រុង​ Amman​ កាល​ពី​ ១០​ឆ្នាំ​មុន​នោះ​ទេ។​

រដ្ឋាភិបាល​ហ្ស៊កដានី​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា​ ខ្លួន​នឹង​ពិចារណា​អំពី​ការ​ដោះលែង​ Sajida​ បើ​មាន​ភស្តុតាង​បង្ហាញ​ថា​ លោក​ Kasaesbeh​ នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ៕