នៅថ្ងៃចន្ទនេះ ក្រុមរដ្ឋឥស្លាមបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនៅថ្ងៃចូលឆ្នាំថ្មីក្នុងក្លិបរាត្រីមួយក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីដែលបានបណ្តាលឱ្យមនុស្ស៣៩នាក់ស្លាប់ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកបាញ់ប្រហារនោះដែលបានរត់គេចខ្លួនបាត់។
ក្រុមរដ្ឋឥស្លាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទាហានម្នាក់នៃតំបន់រដ្ឋឥស្លាម» បានធ្វើការបាញ់ប្រហារនេះ។
ការវាយប្រហារនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យដោយជនប្រដាប់អាវុធម្នាក់បានបាញ់សម្លាប់ប៉ូលិសម្នាក់និងជនស៊ីវិលម្នាក់នៅខាងក្រៅក្លិបរាត្រី Reina នៅមុនពេលដែលជននោះចូលទៅក្នុងក្លិបរាត្រី។ មានមនុស្សប្រមាណ៦០០នាក់ក្នុងក្លិបរាត្រី ហើយមនុស្សខ្លះបានលោតទៅក្នុងច្រកសមុទ្រ Bosporus ដើម្បីរត់គេចខ្លួនពីការវាយប្រហារនោះ។
អាជ្ញាធរបាននិយាយថាខ្មាន់កាំភ្លើងបានបន្លំខ្លួនជាមួយពួកមនុស្សដែលចាកចេញពីក្លិបរាត្រីនោះ។ បន្ថែមពីលើពួកមនុស្សដែលបានត្រូវសម្លាប់ មានមនុស្សប្រមាណ៧០នាក់ទៀតបានត្រូវរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី តួកគី Recep Tayyip Erdogan បានហៅការបាញ់ប្រហារនេះថាជា «ការវាយប្រហារដ៏អាក្រក់» មួយ។
លោកបាននិយាយថា «ប្រទេសតួកគីនឹងរួបរួមសាមគ្គីគ្នាហើយនឹងមិនបើកឱ្យមានកលល្បិចកខ្វក់របស់ពួកភេរវជនទេ»។
ពួកមេដឹកនាំក្នុងពិភពលោកបានថ្កោលទោសការវាយប្រហារនេះហើយ។
អ្នកនាំពាក្យម្នាក់របស់លោកអគ្គលេខាធិការអ.ស.ប. Antonio Guterres បាននិយាយថាលោកអគ្គលេខាធិការថ្កោលទោស «ការវាយប្រហារភេរវកម្មគួរឱ្យស្អប់ខ្ពើមនេះ» ហើយលោកសង្ឃឹមថាពួកជនដែលបានចាត់ចែងនិងបានធ្វើការបាញ់ប្រហារនេះនឹងត្រូវនាំខ្លួនទៅឱ្យតុលាការកាត់ទោស។
នៅក្នុងសារមួយច្បាប់ផ្ញើទៅឱ្យលោក Erdogan លោកប្រធានាធិបតីរុស្សី Vladimir Putin បានសន្យាថានឹងជួយប្រទេសតួកគី ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំង៕