ក្រុម​រដ្ឋអ៊ីស្លាម​បាន​​វាយប្រហារ​លើ​​ជន​ភាគតិច​ Kurd នៅ​ក្រុង​ Kobani

ផែន​ទី​ក្រុង​ Kobani ​នៅ​ប្រទេស​ស៊ីរី​។ ក្រុម​រដ្ឋអ៊ីស្លាម​បាន​​វាយប្រហារ​លើ​​ជន​ភាគតិច​ Kurd នៅ​ក្រុង​ Kobani។

ក្រុមរដ្ឋ​អ៊ីស្លាម​បានចាប់​ផ្តើមការ​វាយ​ប្រហារ​ថ្មី​ទៅលើ​ទីក្រុង Kobaniនៅ​ព្រំដែន​ស៊ីរី​ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​ភាគ​តិច Kurd ដែល​ជា​ការ​វាយ​ប្រហារ​មួយ​នៃ​ការ​វាយ​ប្រហារ​បី ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​វាយ​ប្រហារ​បាន​ចាប់​ផ្តើម​ ដោយ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅជិត​កន្លែង​ឆ្លងកាត់​ព្រំ​ដែនទីក្រុង​ Kobani ជាមួយ​ប្រទេស​តួកគី។ ​ការ​បញ្ជាក់​របស់​អង្គការ​សិទ្ធិ​មនុស្សSyrian Observatory បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មនុស្ស​រាប់​សិប​នាក់​បាន​ត្រូវ​សម្លាប់​ ឬ​រង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ។

ក្រោយមកអង្គការ​សិទ្ធិ​មនុស្ស ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​អង់គ្លេស ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​ប្រហារ​ជី​វិត​ជនកុលសម្ព័ន្ធ​ Kurd យ៉ាង​ហោច​ណាស់​២០​នាក់ ​រួមមាន​ស្រ្តី​ និង​កូន​ក្មេង​ផង​នៅ​ក្នុង​ទីក្រុង Barkh Butan ភាគ​ខាង​ត្បូង​ទីក្រុង ​Kobani។

ក្រុម​ជីវពល​ជន​ជាតិ Kurdដែល​គាំទ្រ​ដោយការវាយ​ប្រហារ​ដឹក​នាំ​ដោយ​ស.រ.អា ​បាន​កាន់​កាប់​ទីក្រុង​Kobani កាលពី​ខែមករា បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នាជាមួយ​កងកម្លាំង រដ្ឋអ៊ីស្លាម​អស់​រយៈពេល​ជា​ច្រើន​ខែ។ ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា ជ័យជម្នះ​ដ៏​សំខាន់ ​និង​ជានិមិត្តរូប​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុមរដ្ឋ​អ៊ីស្លាម។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ​អង្គការ​សិទ្ធិ​មនុស្សObservatory បាន​រាយការណ៍​ថា ​កងកម្លាំង​ក្រុម​រដ្ឋ​អ៊ីស្លាម ​បាន​រឹប​អូស​យកសង្កាត់​ពីរ​ពី​កងទ័ព​រដ្ឋាភិបាល​ក្នុង​ទីក្រុង Hasaka ភាគឦសាន្ត។ ទីភ្នាក់ងារ​ព័ត៌មាន Reutersរាយការណ៍​ថា ​ប្រភព​កងទ័ព​ស៊ីរី ​បាន​បដិសេធ​សេចក្តី​រាយការណ៍​នេះ​ ហើយ​បាន​និយាយ​ថា ​កងទ័ព​រដ្ឋាភិបាល​បាន​វាយច្រាន​ពួក​សង្រ្គាម​សាសនា​នោះ​វិញ៕