មន្ត្រីក្នុងប្រទេសអូទ្រីសនិយាយនៅថ្ងៃអង្គារថា ជនល្មើសដែលបានធ្វើការវាយប្រហារក្នុងរដ្ឋធានីវីយែន នៃប្រទេសអូទ្រីស និងបានសម្លាប់មនុស្សយ៉ាងតិច៤នាក់និងរបួស១៤ផ្សេងទៀតនោះ ថាជាមនុស្សដែលគាំទ្រក្រុមភេរវកម្មរដ្ឋឥស្លាម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Karl Nehammer បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងទទួលរងការវាយប្រហារមួយកាលពីយប់មិញ ដោយភេរវករឥស្លាមយ៉ាងតិចម្នាក់»។
លោកនិយាយថាជនវាយប្រហារនោះ មានអាវុធវែងមួយដើម និងមានពាក់អាវអត្តឃាតក្លែងក្លាយមួយ។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានអូទ្រីស APA ក្នុងពេលបន្ទាប់មកទៀតថា ជនដៃដល់នោះ ត្រូវបានកាត់ទោសកាលពីឆ្នាំទៅ ពីបទបានព្យាយាមទៅប្រទេសស៊ីរី ដើម្បីចូលរួមជាមួយរដ្ឋឥស្លាមនៅទីនោះ។
ប៉ូលីសបានបាញ់ជនល្មើសនោះស្លាប់ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Nehammer និយាយថា អាជ្ញាធរនៅថ្ងៃអង្គារ បន្តស្វែងរកថា តើមានអ្នកណាផ្សេងទៀតដែរឬទេ ដែលបានពាក់ព័ន្ធក្នុងការវាយប្រហារនោះ។
អាជ្ញាធរបានប្រាប់ដល់ពលរដ្ឋឲ្យស្ថិតនៅឆ្ងាយពីទីកន្លែងជួបជុំនិងកន្លែងធ្វើដំណើរសាធារណៈ។ សិស្សសាលាក្នុងទីក្រុងវីយែន ត្រូវបានអនុញ្ញាតឲ្យផ្អាកមិនទៅសាលារៀននៅថ្ងៃអង្គារ។
ការបាញ់ប្រហារនេះ កើតមានឡើងនៅយប់ថ្ងៃចន្ទ ក្នុងទីកន្លែង៦ផ្សេងៗគ្នាក្នុងទីក្រុងវីយែន គឺតែប៉ុន្មានម៉ោងមុនពេលដែលកាលបរិច្ឆេទនៃការបិទប្រទេសក្នុងផ្នែកខ្លះ នឹងត្រូវចូលជាធរមាន ដោយសារតែមានករណីកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសនោះ។
អធិការបតីប្រទេសអូទ្រីសលោក Sebastian Kurzនិយាយថា ប្រទេសលោកនឹងមិនចុះញ៉មចំពោះការបំភិតបំភ័យរបស់ក្រុមភេរវករនោះទេ។
លោកថា ការវាយប្រហារនេះ កើតឡើងដោយការស្អប់គុណតម្លៃ និងរបៀបរស់នៅរបស់ពលរដ្ឋនិងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអូទ្រីស៕