តើ​លោក ​Buhari ​បាន​ធ្វើ​កិច្ចការ​គ្រប់​គ្រាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​នីហ្សេរីយ៉ា​ហើយ ​ឬ​នៅ?

​ប្រធានាធិបតីនីហ្សេរីយ៉ា​លោក​ Muhammadu Buhari​។

លោក​ប្រធានាធិបតី​ Muhammadu Buhari​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្រ្ត​មួយ​ នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ក្នុង​ឆ្នាំ​នេះ​ ដោយ​បាន​សន្យា​ថា​ នឹង​ដោះ​ស្រាយ​អំពើ​ពុក​រលួយ។ ប៉ុន្តែ​រយៈ​ពេល​​ជិត​ប្រាំ​ខែ​ហើយ ​បន្ទាប់​ពី​លោក​បាន​កាន់​តំណែង​ មនុស្ស​មួយ​ចំនួន​មាន​ការ​សង្ស័យ​ ថា​តើ​គាត់​បាន​ធ្វើ​ទៅ​តាម​ការសន្យា​របស់​គាត់​​ដែរ​ឬ​ទេ។

លោក​ប្រធានាធិបតី​ Muhammadu Buhari​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្រ្ត​មួយ​ នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ក្នុង​ឆ្នាំ​នេះ​ ដោយ​បាន​សន្យា​ថា​ នឹង​ដោះ​ស្រាយ​អំពើ​ពុក​រលួយ។ ប៉ុន្តែ​រយៈ​ពេលជិត​ប្រាំ​ខែ​ហើយ ​បន្ទាប់​ពី​លោក​បាន​កាន់​តំណែង​ មនុស្ស​មួយ​ចំនួន​មាន​ការ​សង្ស័យ​ ថា​តើ​គាត់​បាន​ធ្វើ​ទៅ​តាម​ការសន្យា​របស់​គាត់ដែរ​ឬ​ទេ។

ខណៈ​ដែល​លោក​ Buhariបាន​ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ដើម​ឆ្នាំ​នេះ ​អ្នក​គាំទ្រ​របស់​លោក​បាន​រំឮក​សាធារណជន​ពី​ការ​បំពេញ​តួនាទី​របស់​លោក​ក្នុង​នាម​ជា ​ប្រមុខ​យោធា​របស់​ប្រទេស​នៅ​ក្នុង​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​នៅ​ពេល​ដែល​ជន​ពុករលួយ​ត្រូវ​បាន​គេ​ដាក់​ពន្ធនាគារ និង​ក្រុម​អ្នក​អនុវត្ត​ច្បាប់​ប្រដាប់​ដោយ​ខ្សែ​តឺ​ធ្វើ​ការ​រក្សា​សណ្តាប់ធ្នាប់នៅ​តាម​ដង​ផ្លូវ។

លោក​បាន​សន្យា​នឹង​ធ្វើការបញ្ចប់​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​រាប់​ពាន់​លាន​ដុល្លារ​ ដែល​បាន​កើត​មាន​មក​លើ​គូបដិបក្ខរបស់​លោក​ គឺ​លោក​ប្រធានាធិបតី​ Goodluck Jonathan។ លោក​ Goodluck Jonathan បាន​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​បង្ក​ឲ្យ​មាន​លំហូរ​ថវិកា​ចេញ​ពីរតនាគារជាតិ ​ខណៈ​ពេល​ ជិត​ពាក់​កណ្តាល​នៃ​ប្រជាជន​នីហ្សេរីយ៉ា​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ។

លោក​ Buhari ​នៅ​តែ​ប្រឆាំង​អំពើ​ពុករលួយ​ ចាប់​តាំង​ពី​ពេល​ចូល​កាន់​តំណែង​នៅ​ខែ​ឧសភា។ លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​តាម​បណ្តាញ​សារព័ត៌មាន​ ដូច​ជា​ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក​ ការ​កាត់​បន្ថយប្រមុខ​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ និង​ការ​ប្រកាស​ថា ​លោកនឹង​ទទួល​ខុស​ត្រូវ​ក្នុង​តំណែងរដ្ឋ​មន្រ្តី​ឧស្សាហកម្ម​ឥន្ធនៈ​ដោយ​ខ្លួន​ឯង។

លោកClement Nwankwo​ ដែល​បម្រើការ​នៅ​មជ្ឈមណ្ឌល​គោលនយោបាយ​ និង​គាំពារ​ផ្នែក​ច្បាប់​ ក្នុង​ក្រុង​អាប៊ូចា (Abuja)​ បាន​និយាយ​ថា​ កំណែ​ទម្រង់​ពិត​ប្រាកដ​ពិតជា​ត្រូវ​ការចាំបាច់​ដើម្បី​ទប់​ស្កាត់​អំពើ​ពុករលួយ។

«ក្រៅ​ពី​ការ​ចាប់​ខ្លួន ​ឬ​ការ​កាត់​ទោស​មន្រ្តី​ចាត់​តាំង​នៅ​ក្នុងជួរ​រដ្ឋាភិបាល​មុន ​វា​មិន​ទាន់មាន​ភាព​ច្បាស់​លាស់សម្រាប់​ប្រជាជន​នីហ្សេរីយ៉ា ​ថា​តើ​ប្រព័ន្ធ​ថ្មី​ណា​មួយ​កំពុង​ត្រូវ​បាន​ដាក់​ឡើង​សម្រាប់​អនុវត្ត» ។

អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ទៅ​លើ​ការ​លាង​លុយ​កខ្វក់​ និង​ការ​ចោទ​ប្រកាន់​លើ​ការ​ប្រើប្រាស់​អាវុធ។ ប៉ូលិស​អង់គ្លេស​បាន​ធ្វើ​ការ​ឆែកឆេរ​ផ្ទះ​របស់​អតីត​រដ្ឋ​មន្រ្តី​ឧស្សាហកម្ម​ឥន្ធនៈ​របស់​នីហេ្សរីយ៉ា​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ ហើយ​បាន​រឹប​អូស​ប្រាក់​រាប់​សិប​ពាន់​ដុល្លារ។

លោក ​Lawal Shuaibu ​ជា​អនុ​ប្រធាន​គណបក្ស​ All Progressives Congress ​របស់​លោក Buhari​បាន​ព្យាករណ៍​ពី​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​នៅ​តុលាការ​ដែល​មាន​រយៈពេល​យ៉ាងយូរ ​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ពុករលួយ។ លោក​បាន​ថ្លែង​ថា ​ជន​ជាប់​ចោទនឹងចំណាយ​ខ្លាំង​ជាង​មេធាវី​រដ្ឋាភិបាល​ ដែល​ទទួល​បាន​ចំណាយ​សមគួរ​ប៉ុណ្ណោះ។

«ពួកគេ [មេធាវី​រដ្ឋាភិបាល] ​ធ្វើ​ប្រតិបត្តិការ​ទៅ​តាម​ទំហំ​ថវិកា​ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​ពួកគេ ​ដោយ​រដ្ឋ​សភា។ ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​ត្រូវ​បាន​ស៊ើបអង្កេត​នឹង​ជួល​មេធាវី​ជាន់​ខ្ពស់​ ហើយ​ត្រូវ​បង់​ប្រាក់រាប់​ពាន់​លាន​ឲ្យ​មេធាវី​ទាំង​នោះ»។

លោក​បាន​និយាយថា​ ដំណាក់​កាល​បន្ទាប់​នៃ​សង្រ្គាម​បង្រ្កាប​អំពើ​ពុករលួយ​របស់​លោក ​ Buhari​ នឹង​កើត​ឡើង​ នៅ​ពេល​ដែល​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ចូល​កាន់​តំណែង។ លោក​ Buhari ​ទើប​តែងតាំង​រដ្ឋ​មន្រ្តី​ក្នុង​ខែ​នេះ ​ហើយរដ្ឋ​មន្រ្តី​ទាំង​នោះ​កំពុង​តែ​ត្រូវ​បាន​ពិនិត្យ​ដោយ​ព្រឹទ្ធសភា។

លោក ​Nwankwo ​និយាយ​ថា ​បើ​គ្មាន​ការ​ដឹកនាំ​ក្នុង​ក្រសួង​ដើម្បី​ចេញ​កិច្ច​សន្យា​ និង​ផ្តួចផ្តើម​គម្រោង​នោះ​ទេ ​វា​ពិត​ជា​លំបាក​ក្នុង​ការ​និយាយ​ថា ​បែបផែន​នៅ​ក្នុង​ការ​បំពេញ​ការងារ​ផ្សេងៗ​នៅនីហ្សេរីយ៉ា​បាន​ផ្លាស់​ប្តូរ។

«ហើយ មាន​តែ​ពេល​ដែល​អ្នក​បាន​ចំណាយ​ប្រាក់ប៉ុណ្ណោះ ទើប​អ្នក​អាច​ប្រាប់​បាន ​ថា​តើ​អ្នក​បាន​រក​យុទ្ធសាស្រ្ត​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អំពើ​ពុករលួយ​បាន​ ឬ​មិន​បាន»។

ការ​ធ្លាក់​ចុះ​ជា​សកល​នូវ​តម្លៃ​ប្រេង​បាន​ធ្វើ​ឲ្យ​ថវិកា​នៃ​ប្រទេស​នីហ្សេរីយ៉ា​មាន​បញ្ហា​ ដោយ​តម្រូវ​ឲ្យ​ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ជា​បន្ទាន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​ការ​ចំណាយ​ខ្ជះខ្ជាយ​ផ្សេងៗ​។ រដ្ឋាភិបាល​ទទួល​បាន​ចំណូល​ប្រហែល​៧០​ភាគរយ​ពី​ការ​លក់​ប្រេង​ឆៅ។

លោក​ Buhari ​បាន​ចាប់​ផ្តើម​ពិនិត្យ​កិច្ច​សន្យា​ផ្សេងៗ​របស់​រដ្ឋាភិបាល៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង