ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្ថាមបានទ្បោមព័ទ្ធមូលដ្ឋានកងទ័ពអាកាស Ain al-Asad ឋិតនៅចម្ងាយ៣៥គ.ម.ពីក្រុង Ramadi រដ្ឋធានីនៃខេត្ត Anbar ក្នុងប្រទេសអ៊ីរ៉ាក់ជាច្រើនអាទិត្យមកហើយ។
បណ្តាញផ្សាយព័ត៌មានអ៊ីរ៉ាក់បានរាយការណ៍ថាក្រុមជនសកម្មប្រយុទ្ធបានបាញ់រ៉ុកែត Katyusha និងគ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់នៅមុនក្រុមអ្នកដាក់ គ្រាប់បែកអត្តឃាតធ្វើការវាយប្រហារប្រឆាំងនឹងមូលដ្ឋានយោធានេះ។ មន្ត្រីយោធាអ៊ីរ៉ាក់ម្នាក់បាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាត៨នាក់បានត្រូវសម្លាប់ដោយមិនបានចូលទៅក្នុងបរិវេណមូលដ្ឋានសឹកនេះទេ។
ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្ថាមនិងក្រុមជ្រុលនិយមឯទៀតៗបានបង្កើនការប្រើប្រាស់ការវាយប្រហារអត្តឃាតជាច្រើនដើម្បីទម្លាយកន្លែងការពារមូលដ្ឋានយោធានៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។ កាលពីពេលមុននេះ ក្រុមរដ្ឋអ៊ីស្លាមបានប៉ុនប៉ងបំផ្ទុះខ្លួនឯងទម្លាយកំផែងខាងក្រៅនៃមូលដ្ឋានកងទ័ពអាកាសមួយនៅ Deir ez Zor ក៏ប៉ុន្តែមិនបានទទួលជោគជ័យទេ។
លោក Ra'ed Amash នៃក្រុមប្រឹក្សាខេត្ត Anbar បាននិយាយថាការប្រយុទ្ធគ្នាដល់ការបង្ហូរឈាមមួយកំពុងកើតមានទ្បើងនៅក្នុងក្រុង al Baghdadi ឋិតនៅចម្ងាយ១៥គ.ម.ពីមូលដ្ឋាននៃកងទ័ពអាកាសនោះ៕