ព្យុះសង្ឃរា Irma បន្តបក់បោកហើយនឹងមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសគុយបានៅពេលដែលវាបក់បោកយ៉ាងខ្លាំងឆ្ពោះមកកាន់រដ្ឋ Florida សហរដ្ឋអាមេរិកបន្ទាប់ពីសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២២នាក់ដែរនិងកំពុងបំផ្លាញយ៉ាងខ្លាំងនៅទីកន្លែងផ្សេងៗទៀត។
បន្ថែមពីប្រទេសគុយបា មជ្ឈមណ្ឌលជាតិព្យុះសង្ឃរាសហរដ្ឋអាមេរិកបានព្រមានពីផលប៉ះពាល់នៅកោះ Andros, Bimini និងកោះ Grand Bahama នៃប្រជុំកោះ Bahama ឧបទ្វីប Florida ហើយនឹងតំបន់ Florida Keys។
មជ្ឈមណ្ឌលជាតិព្យុះសង្ឃរាសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ព្យុះសង្ឃរា Irma បានចុះខ្សោយពីប្រភេទព្យុះសង្ឃរាទី៤មកប្រភេទព្យុះសង្ឃរាទី៣ ក៏ប៉ុន្តែ ត្រូវគេរំពឹងនឹងបង្កើនកម្លាំងនៅពេលដែលវាខិតមកជិតតំបន់ Florida Keys។ ព្យុះនោះជាព្យុះសង្ឃរាមួយដែលត្រូវបានគេកត់ត្រានៅក្នុងប្រវត្តិសាស្រ្តថាជាព្យុះសង្ឃរាដ៏ខ្លាំងបំផុត ត្រូវបានព្យាករណ៍ថានឹងចាប់ផ្តើមបក់បោកនៅតំបន់ Florida Keys នៅព្រឹកថ្ងៃអាទិត្យនេះហើយនឹងបន្តទៅជិតឆ្នេរសមុទ្រភាគនារតីនៃរដ្ឋ Florida នៅពេលថ្ងៃត្រង់នៅថ្ងៃអាទិត្យនេះ។
ព្យុះសង្ឃរា Irma កំពុងមានល្បឿនខ្យល់២០៥គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅពេលដែលព្យុះសង្ឃរា Irma ធ្វើចលនាមកកាន់រដ្ឋ Florida ពួកមន្រ្តីនៅទីនោះបានព្រមានដល់រាប់លាននាក់ថា ពេលវេលាកាន់តែខើចទៅសម្រាប់ពួកគេជម្លៀសចេញ។
រដ្ឋ Florida បានស្នើសុំមនុស្សជាង៦លាន៥សែននាក់គឺស្មើជាង១ភាគ៤នៃចំនួនពលរដ្ឋរបស់រដ្ឋនោះឲ្យជម្លៀសចេញមុនពេលព្យុះសង្ឃរាត្រូវគេរំពឹងនឹងមកដល់នៅថ្ងៃអាទិត្យនេះ។
លោក Rick Scott អភិបាលរដ្ឋ Florida បានចាត់ទុកព្យុះសង្ឃរា Irma ជាប្រភេទព្យុះប្រកបដោយមហន្តរាយដែលរដ្ឋនេះមិនដែលបានឃើញកាលពីពេលមុន។លោកបាននិយាយថា ព្យុះនោះមានទំហំធំជាងរដ្ឋ Florida៕