សមាជិក៩រូបនៃបណ្តាញអ្នករត់ពន្ធអន្តរជាតិសម្រាប់ភ្លុកដំរីនិងស្នែងរមាស ត្រូវបានបញ្ជូនឡើងតុលាការកាត់ទោសនៅក្នុងប្រទេសបារាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការស៊ើបអង្កេតមួយ ដែលត្រូវបានរកឃើញពីការជាប់ពាក់ព័ន្ធនឹងការរត់ពន្ធខុសច្បាប់ពីទ្វីបអឺរ៉ុបទៅកាន់អាស៊ីខាងកើតនោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមរដ្ឋអាជ្ញាបារាំង បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន បន្ទាប់ពីការត្រួតពិនិត្យចរាចរជាទូទៅមួយនៅតាមដងផ្លូវដោយក្រុមប៉ូលិសបារាំង កាលពីខែកញ្ញា ឆ្នាំ២០១៥ ដែលបានរកឃើញភ្លុកដំរីជាច្រើន និងប្រាក់ប្រមាណ ៣៨.៩០០ ដុល្លារនៅក្នុងរថយន្ត BMW មួយគ្រឿង។
អ្នកនៅក្នុងរថយន្តទាំងនោះដែលបានអះអាងថា ខ្លួនជាឈ្មួញទិញវត្ថុបុរាណនោះ គឺជាសមាជិកនៃក្រុមឧក្រិដ្ឋជនក្នុងប្រទេសអៀរឡង់ Rathkeale Rovers ដែលមានឫសគល់ពីសហគមន៍ Traveller។
ចុងចោទទាំង៩នាក់ដែលត្រូវបានបញ្ជូនឡើងតុលាការក្នុងទីក្រុង Rennes ប្រទេសបារាំង រួមមានឈ្មួញដែលមានដើមកំណើតជាជនជាតិចិន និងវៀតណាមនោះ ត្រូវទទួលទោសរហូតដល់១០ឆ្នាំ និងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀត កំពុងរត់គេចខ្លួននៅឡើយ។
មន្ត្រីប៉ូលិសបារាំង រកឃើញភ្លុកដំរី និងស្នែងរមាស ដែលត្រូវបានគេរំលាយធ្វើជាម្សៅ និងរបស់របរផ្សេងៗជាច្រើនមុខទៀតនៅលើទឹកដីបារាំង មុនពេលនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសចិន និងវៀតណាម ដែលនៅទីនោះ គេយកទៅប្រើប្រាស់ធ្វើជាថ្នាំបុរាណ។
ក្នុងការស៊ើបអង្គេតនោះ គេក៏បានរឹបអូសស្នែងរមាសមួយដែលមានទំង់ជិត១៥គីឡូក្រាម ដែលមានតម្លៃរហូតដល់ ១៥ លានដុល្លារ ក្នុងទីផ្សារអាស៊ីនៅពេលនោះ។ នេះបើតាមការលើកឡើងរបស់ក្រុមបរិស្ថាន Robin des Bois។ ក្នុងពេលជាមួយគ្នានោះ ភ្លុកដំរីប្រមាណ៤០ ក៏ត្រូវបានរកឃើញ និងរឹបអូសផងដែរ៕