លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​អៀរឡង់​អាច​នឹង​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត

អ្នក​បោះឆ្នោត​ម្នាក់​ចាកចេញពី​មណ្ឌល​បោះឆ្នោត​នៅ​ក្រុង Malahide ប្រទេស​អៀរឡង់​ កាល​ពី​ថ្ងៃសុក្រ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​អៀរឡង់​អាច​នឹង​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត។

លទ្ធផល​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​អៀរឡង់​បង្ហាញ​ថា ក្រុមសម្ព័ន្ធមិត្ត​ដែល​កាន់អំណាច​ប្រហែល​ជា​អាច​នឹង​បែកបាក់​ដោយសារ​ការបាត់​បង់​អាសនៈ​នៅ​ក្នុង​សភា​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ ​

ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​គេ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​នេះ អ្នក​ផ្សាយ​ព័ត៌មានRTE បាន​ផ្សាយ​ថា គណបក្ស​ Fine Gaelរបស់​លោក​នាយករដ្ឋមន្រ្តី Enda Kenny ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​តិច​ជាង​ការរំពឹង​ទុក​យ៉ាង​ច្រើន គឺ​ត្រឹមតែ​២៣,៨​ភាគរយ​ប៉ុណ្ណោះ។

គេរំពឹងថា គណបក្ស​ពលកម្ម ដែល​ជា​ដៃ​គូ​របស់​គណបក្ស​នេះ ​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ប្រមាណ​៧​ភាគរយ​ ដែល​ធ្វើ​ឲ្យ​ក្រុមសម្ព័ន្ធមិត្ត​នេះ​បាត់បង់​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា។ ​

គេ​រំពឹង​ថា គណបក្សFianna Fail ដែល​ជា​គូប្រជែង​នោះ នឹង​ទទួល​បាន​សម្លេង​គាំទ្រ​២១,១​ភាគរយ។ ​គណបក្ស​ធំៗ​ទាំង​២​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​ក្រុមប្រឆាំង​ពីរ​កាល​ពី​សម័យ​សង្រ្គាម​ស៊ីវិល​ដែល​មាន​រយៈពេល​ជិត​មួយទសវត្សរ៍​ក្នុង​ប្រទេស​អៀរឡង់​នោះ មិន​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​សភា​ពី​មុន​មក​នោះ​ទេ។

ការណ៍​នេះ​ធ្វើ​ឲ្យ​ក្រុមតំណាងរាស្រ្ត​អៀរឡង់​មាន​ភាព​មិនច្បាស់លាស់​ចំពោះ​ជំហាន​បន្ទាប់​ទៀត។ ការបោះឆ្នោត​ថ្មី​មួយ​ទៀត​អាចនឹង​ត្រូវ​បាន​គេ​រៀបចំ​ឡើង ឬ​គណបក្ស​ទាំង​ពីរ​អាច​បង្កើត​ទៅ​ជា​ក្រុមសម្ព័ន្ធមិត្ត​មួយ​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ប្រជាធិបតេយ្យ​របស់​អៀរឡង់៕