កាលពីថ្ងៃអង្គារ កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់និងក្រុមយោធាប្រតិព័ទ្ធជាសម្ព័ន្ធមិត្តបានធ្វើការវាយប្រហារលើទីតាំងរបស់ពួករដ្ឋឥស្លាម នៅជុំវិញទីក្រុងRamadi នៅក្នុងការជំរុញថ្មីបំផុតរបស់ពួកគេដើម្បីវាយយកមកវិញនូវទីរួមខេត្តAnbar ពីពួក jihadists នេះបើតាមការប្រាប់ឱ្យដឹងដោយពួកមេបញ្ជាការ។
នាយទាហានជាន់ខ្ពស់ម្នាក់បាននិយាយថា"កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់និងក្រុម Hashed al-Shaabi បានបាញ់រ៉ុក្កែតនិងកាំភ្លើងត្បាល់ដាក់លើទីតាំងក្រុមរដ្ឋIslam នៅខាងកើត, ខាងលិចនិងខាងត្បូងក្រុង Ramadi។"
អាជ្ញាធរអ៊ីរ៉ាក់បានប្រកាសអំពីការវាយលុកធំមួយដើម្បី"រំដោះខេត្ត Anbar”កាលពីថ្ងៃចន្ទ តែប៉ុន្មានម៉ោងក្រោយពីក្រុមចម្រុះដឹកនាំដោយស.រ.អ.បានបើកធ្វើការវាយប្រហារតាមអាកាស២៩លើកនៅជិតក្រុង Ramadi។
លោកវរសេនីយ៍ត្រី Roger Cabiness អ្នកនាំពាក្យក្រសួងការពារប្រទេសស.រ.អ.បាននិយាយថាក្រុមចម្រុះបានបង្កើនការវាយប្រហារតាមអាកាសដើម្បីឱ្យសមស្របជាមួយចង្វាក់នៃកិច្ចប្រតិបត្តិការយោធាអ៊ីរ៉ាក់។
កិច្ចប្រតិបត្តិការអ៊ីរ៉ាក់មានរួមបញ្ចូលក្រុមទាហានរដ្ឋាភិបាលអ៊ីរ៉ាក់និងក្រុមយុទ្ធជន Shi'ite និង Sunni ផងដែរ៕