អ៊ីរ៉ាក់​រាយការណ៍​ថា មេបញ្ជាការទី​២​របស់​ក្រុមរដ្ឋ​ឥស្លាម​បាន​​ស្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស

ផែនទី​ប្រទេស​អ៊ីរ៉ាក់បង្ហាញ​ពី​ខេត្ត​ Anbar និងទីតាំង​របស់ Ramadi និង Ar-Rutbah។

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ាក់ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ភូឈួយ​របស់ Abu Bark al-Baghdadi មេដឹក​នាំ​ក្រុមរដ្ឋ​ឥស្លាមបាន​ស្លាប់​នៅ​ក្នុងការ​វាយ​ប្រហារតាម​អាកាស​នៅ​ក្នុង​ខេត្តal-Anbar ​នៅ​ជិត​ព្រំ​ដែន​ប្រទេស​ស៊ីរី។

របាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា Ayad al-Jumaili ​ហើយ​នឹង​មេបញ្ជាការ​តំបន់​ផ្សេង​ទៀត​របស់​ក្រុម​រដ្ឋ​ឥស្លាម​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាសដោយ​កងទ័ព​អាកាស​អ៊ីរ៉ាក់​នៅ​ក្នុង​តំបន់​ខាង​លិច​ឆ្ងាយ​នៃ​ប្រទេស​អ៊ីរ៉ាក់។​របាយការណ៍​នោះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​តើ​នៅពេល​ណា​ការវាយ​ប្រហារ​នោះ​បាន​កើត​មាន​ឡើង​ទេ​ហើយ​មិន​បាន​ផ្តល់​សេចក្តីលម្អិត​ទេ។

​មន្រ្តី​នៅឯ​ក្រុម​ចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក មិន​បាន​បញ្ជាក់​ពីការ​ស្លាប់​របស់​ពួក​ជ្រុល​និយម​នោះ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ទេ។

​ដោយ​ដក​ស្រង់​សេចក្តី​ថ្លែងការណ៍​មកពី​មន្រ្តីយោធា​ស៊ើបការណ៍ស​ម្ងាត់​អ៊ីរ៉ាក់ ​របាយ ការណ៍​នោះ ​បាន​ពណ៌​នា​ថា Jumaili ដែល​គេស្គាល់​ថាAbu Yahyaជា​រដ្ឋ​មន្រ្តី​ក្រសួង​សង្គ្រាម​របស់​ក្រុមរដ្ឋ​ឥស្លាម។​ សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «យន្តហោះ​របស់​កងទ័ព​អាកាស​បាន​វាយ​ប្រហារ​ចំ​ទី​ដៅ​ទៅ​លើ​ទី​ស្នាក់​ការ​របស់​ក្រុមរដ្ឋ​ឥស្លាម​នៅ​ក្នុង​ទីក្រុង al-Qaim។

Jumaili ដែល​កាល​ពី​ពេល​មុន​ជាមន្រ្តី​ស៊ើបការណ៍​សម្ងាត់​នៅក្រោម​សាដាមហ៊ូសេន ​បាន​ចូល​រួម​ជាមួយ​ក្រុម​បះបោរ​និកាយ​ស៊ុននី​បន្ទាប់ពី​ការទន្ទ្រាន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០០៣ ហើយ​ពួក​អ្នកវិភាគ​និយាយ​ថា ​ចាប់​តាំង​ពី​នោះ​មក ជន​នោះ​បាន​ទាក់​ទងដោយ​ផ្ទាល់​ទៅ Baghdadiដែល​ជា​មេដឹក​នាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម។

មន្រ្តី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ាក់​បាន​និយាយ​ថា ​ពួកគេ​ជឿ​ជាក់​ថា Baghdadi បាន​រើ​ទីតាំង​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​ប្រហែល៣០០គីឡូ​ម៉ែត្រ​ទៅ​តំបន់​ភាគឦសាន្ត ​ហើយ​បច្ចុប្បន្ននេះ​កំពុងលាក់​ខ្លួន​នៅវាលខ្សាច់​ខាង​ក្រៅ​ទីក្រុង Mosul ដែល​មានការ​ប្រយុទ្ធ​គ្នា​៕