លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរបស់រដ្ឋាភិបាលលោកបានចាប់ផ្តើមធ្វើការវាយលុកមួយដើម្បីយកមកវិញនូវការត្រួតត្រាក្រុង Hawija ដែលជាតំបន់មួយក្នុងបណ្តាតំបន់ចុងក្រោយបង្អស់ក្នុងប្រទេសអ៊ីរ៉ាក់ដែលកាន់កាប់ដោយពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
ក្រុង Hawija ស្ថិតនៅចម្ងាយ២៤០គ.ម.ខាងជើងរដ្ឋធានី Baghdad និងនៅខាងលិចក្រុង Kirkuk ដែលសម្បូរប្រេង។
ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមបានត្រួតត្រាក្រុង Hawija ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤មកនៅពេលដែលក្រុមនេះបានវាយប្រហារ និងកាន់កាប់តំបន់នានានៅផ្នែកខាងជើង និងខាងលិចនៃប្រទេសអ៊ីរ៉ាក់។
អ.ស.ប.បាននិយាយថា ជនស៊ីវិលជាង១សែននាក់បានរត់គេចខ្លួនចេញពីតំបន់នេះកាលពីបីឆ្នាំមុននេះហើយថាមនុស្សប្រមាណ៨ម៉ឺន៥ពាន់នាក់ដែលស្ថិតនៅក្នុងក្រុងនេះ «ទំនងជាមានផលប៉ះពាល់ធ្ងន់ធ្ងរ» ដោយសារការប្រយុទ្ធគ្នាក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការិយាល័យខាងមនុស្សធម៌របស់អ.ស.ប.បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន និងក្រុមផ្តល់ជំនួយដើម្បីប្រុងប្រៀបជួយពួកមនុស្សច្រើនឡើងៗដែលរត់គេចខ្លួនចេញពីតំបន់នោះ។
កាលពីពេលមុននេះក្នុងសប្តាហ៍នេះ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានបើកកិច្ចប្រតិបត្តិការមួយដាច់ដោយឡែកដើម្បីដេញតាមពួកយុទ្ធជនរដ្ឋឥស្លាមនៅសេសសល់នៅក្នុងប៉ែកនានានៃខេត្ត Anbar នាផ្នែកខាងលិចប្រទេស៕