មេដឹកនាំ​ក្រុម ឃឺដ អ៊ីរ៉ាក់ ចុះ​ចេញ​ពី​តំណែង

លោក Masoud Barzani មេដឹកនាំ​ឃឺដ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ប្រជាមតិ​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​ក្រុង Zakho ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

លោក Masoud Barzani មេដឹកនាំ​ក្រុម​ឃឺដ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​បញ្ជាក់​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង ដោយ​រំលាយ​តំណែង​របស់​លោក​ជា​ប្រធានាធិបតី​តំបន់​ឃឺដ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង ហើយ​បែងចែក​កាតព្វកិច្ច​របស់​លោក​ទៅ​ជា នាយករដ្ឋមន្ត្រី​ឃឺដ សភា និង​ប្រព័ន្ធ​យុត្តិធម៌​វិញ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សភា​កាល​ពី​ថ្ងៃ​អាទិត្យ លោក Barzani បាន​និយាយ​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ម្តងទៀត​នោះ​ទេ ដោយ​អាណត្តិ​របស់​លោក​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

សភា​បាន​សម្រេច​រួច​ទៅ​ហើយ​ថា នឹង​ផ្អាក​សកម្មភាព​របស់​រដ្ឋាភិបាល​លោក Barzani ហើយ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា សភា​នេះ​នឹង​អាន​សេចក្តីថ្លែងការណ៍​របស់​លោក Barzani ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។

បើ​ទោះ​ជាការ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​សុំ​ឯករាជ្យ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ក៏​ដោយ ក៏​លោកBarzani យល់​ថា តំណែង​របស់​លោក​មាន​ភាព​រង្គោះរង្គើ បន្ទាប់​ពី​កងកម្លាំង​សហព័ន្ធ​អ៊ីរ៉ាក់​បាន​ចាត់វិធានការ​ដណ្តើម​យក​ដែនដី​នៅ​ក្បែរ​ទីក្រុង Kirkuk។

លោក Haider al-Abadi នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​ហៅ​ការ​បោះឆ្នោត​ប្រជាមតិ​នោះ​ថា​ខុសច្បាប់ ហើយ​ជា​ការ​ឆ្លើយតប លោក​បាន​បញ្ជូន​កងកម្លាំង​របស់​លោក​ឲ្យ​ដណ្តើម​យក​តំបន់​ដែល​មាន​ជម្លោះ​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុមឃឺដ​ត្រឡប់​មក​វិញ៕