កាលពីថ្ងៃសៅរ៍ ក្រុមរដ្ឋអ៊ីស្លាម បានបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទ្បានបីគ្រឿងនៅកន្លែងឆ្លងកាត់ព្រំដែនរវាងប្រទេសអ៊ីរ៉ាក់ និងប្រទេសហ្ស៊កដានី នៅក្នុងការវាយប្រហារមួយ ដែលក្រុមមន្ត្រីបាននិយាយថា ការធ្វើភេវរកម្មនេះបានបណ្តាលឲ្យកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ យ៉ាងតិចណាស់បួននាក់បានបាត់បង់ជីវិត។
គេរាយការណ៍ថា មានកងកម្លាំងសន្តិសុខយ៉ាងហោចណាស់១០នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះគ្រាប់បែកនោះ ដែលបានត្រូវអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់ដោយក្រុមរដ្ឋអ៊ីស្លាម។
កន្លែងឆ្លងកាត់ព្រំដែន Trebill ដែលការវាយប្រហារបានកើតមានឡើងនៅទីនោះជាកន្លែងឆ្លងកាត់ជាផ្លូវការតែមួយគត់រវាងប្រទេសទាំងពីរ។
ក្រុមជនសកម្មប្រយុទ្ធនោះ បានវាយយកផ្នែកធំៗមួយចំនួននៃប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុន ដោយមានរួមបញ្ចូលទាំងផ្នែកមួយភាគធំនៃខេត្ត Anbar នាប៉ែកខាងលិចប្រទេស ដែលនៅទីនោះមានកន្លែងឆ្លងកាត់ព្រំដែន Trebill។
ក្រុមមន្ត្រីយោធាបាននិយាយថា ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ក៏បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ ដែលជាអតីតមេបញ្ជាការនៃកងពលធំលេខមួយ និងយ៉ាងហោចណាស់នាយទាហានម្នាក់ទៀតនៅក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងកាលពីថ្ងៃសុក្រនៅក្នុងខេត្ត Anbar។
ការវាយប្រហាររបស់ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម មានរួមបញ្ចូលការបំផ្ទុះគ្រាប់បែកមួយ។ បន្ថែមពីលើបុគ្គលិកយោធាជាន់ខ្ពស់នោះមានទាហានយ៉ាងតិចណាស់១០នាក់បានបាត់បង់ជីវិត និងមានទាហានរបួសរហូតដល់១២នាក់៕