ប្រធានាធិបតី​អ៊ីរ៉ង់​សន្យា​ដាក់​ទោស​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២០។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​សន្យា​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​នឹង​ដាក់​ទោស​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ប្រទេស​អ៊ុយក្រែន​ដោយ​ចៃដន្យ​កាល​ពី​សប្ដាហ៍​មុន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ទាំង ១៧៦ នាក់ ដែល​ជិះ​នៅ​លើ​យន្តហោះ​នោះ​ស្លាប់។ លោក Rouhani បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា​ហេតុការណ៍​ដែល «មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ»។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ដែល​មាន​ផ្សាយ​តាម​ទូរទស្សន៍ លោក Rouhani បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​តុលាការ​ពិសេស​មួយ និង​បាន​និយាយ​ថា «ពិភពលោក​ទាំង​មូល​នឹង​តាមដាន​មើល»។

នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ អ្នក​នាំ​ពាក្យ​តុលាការ​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​រួច​ហើយ ដោយសារតែ​ពួកគេ​មាន​តួនាទី​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ទម្លាក់​យន្តហោះ​នោះ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នោះ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ប៉ុន្មាន​នាក់ ឬ​ក៏​អ្នក​ទាំង​នោះ​ពាក់ព័ន្ធ​បែប​ណា​នោះ​ទេ។

ស្ថានការណ៍​បាន​វិវត្តន៍​ដល់​ចំណុច​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​អ៊ីរ៉ង់​ប្រឈម​នឹង​ការ​តវ៉ា បន្ទាប់ពី​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ថា ទាហាន​អ៊ីរ៉ង់​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​នោះ ទោះបីជា​ដំបូង​ខ្លួន​បាន​ទទូច​ថា យន្តហោះ​នោះ​ធ្លាក់​គឺ​ដោយសារ​បញ្ហា​បច្ចេកទេស​ក៏​ដោយ។

និស្សិត​រាប់​រយ​នាក់​នៅ​សាកល​វិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​មួយ​កន្លែង​បាន​ប្រឆាំង​ដោយ​បើក​ចំហ​ចំពោះ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ នៅ​ក្នុង​ការ​តវ៉ា​ថ្ងៃ​ទី ៣ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

ការ​បាញ់​ទម្លាក់​យន្តហោះ​នេះ​បាន​កើត​ឡើង បន្ទាប់ពី​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ដាក់​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​ដែល​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​របួស​នេះ គឺ​ជា​ការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​ឧត្ដមសេនីយ៍​កំពូល​អ៊ីរ៉ង់​លោក Qassem Soleimani កាល​ពី​ថ្ងៃ​ទី ៣ ខែ​មករា​កន្លង​ទៅ​នេះ។ សហរដ្ឋ​អាមេរិក​ហៅ​ការ​វាយ​ប្រហារ​របស់​ខ្លួន​នេះ​ថា​ជា​ការ​វាយ​ប្រហារ​ការពារ​ខ្លួន៕