កប៉ាល់​ដឹកប្រេង​របស់​អ៊ីរ៉ង់​ចត​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​បំពាន​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក

បុគ្គលិក​ប្រេង​វ៉េណេស៊ុយអេឡា​ចូល​រួម​ក្នុង​កម្មវិធី​មួយ​ សម្រាប់​ការ​មក​ដល់​នៃ​ជុង​ប្រេង​អ៊ីរ៉ង់​ឈ្មោះ Fortune នៅ​រោងចក្រ​ចម្រាញ់​ប្រេង El Palito ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

នេះ​ជា​លើកទី​មួយ​នៃ​អ្វី​ដែល​ត្រូវ​គេ​រំពឹង​ថា​ជា​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​ចំនួន​៥គ្រឿង​បាន​ចត​នៅ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​វ៉េណេស៊ុយអេឡា​ដែល​កំពុង​បំពាន​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​ទាំង២។

កប៉ាល់​ដឹក​ប្រេង​ទី១​បាន​ទៅ​ដល់​ប្រទេស​វ៉េណេស៊ុយអេឡា​កាលពី​ថ្ងៃ​អាទិត្យ ហើយរដ្ឋមន្ត្រី​ក្រសួង​ប្រេង​ឥន្ធនៈ​របស់​វ៉េណេស៊ុយអេឡា​បាន​ប្រកាស​ថា កប៉ាល់​នេះ​បាន​ចត​នៅ​រោងចក្រ​ចម្រាញ់​ប្រេងកាត El Palito។

កប៉ាល់​ទី២​បាន​ចូល​ក្នុង​ផ្ទៃ​ទឹក​ប្រទេស​វ៉េណេស៊ុយអេឡា​កាលពី​ថ្ងៃចន្ទ​ហើយ​កប៉ាល់​ទី៣​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​ការ៉ាអ៊ីប។

ប្រធានាធិបតី​នីកូឡាស់ ម៉ាឌុយរ៉ូ នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​និយាយ​ថា «ខ្ញុំសូម​ថ្លែង​អំណរគុណ​ចេញ​ពី​ដួងចិត្ត​របស់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដល់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ លោក​ប្រធានាធិបតី Rouhani ដែល​ជា​មិត្តភក្តិ​ និង​សហការី មេដឹកនាំ​កំពូល​លោក Ayatollah Khamenei និង​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ទាំងអស់​ចំពោះ​សាមគ្គីភាព និង​ការ​គាំទ្រ​របស់​ពួកគេ​នេះ»។

ថ្វីបើ​ខ្លួន​សម្បូរ​ប្រេង​ក៏ដោយ វ៉េណេស៊ុយអេឡា​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ប្រេង​ឥន្ធនៈ​យ៉ាង​ខ្លាំង។ ការ​ដួលរលំ​នៃ​សេដ្ឋកិច្ច​របស់​វ៉េណេស៊ុយអេឡា​រួម​ជាមួយ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​បាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​នូវ​សមត្ថភាព​នៃ​ការ​ផលិត​ប្រេង​នេះ។

អ៊ីរ៉ង់​បាន​យល់ព្រម​បញ្ជូន​ប្រេង​១លាន​៥សែន​ធុង​ទៅ​ឲ្យ​ប្រទេស​វ៉េណេស៊ុយអេឡា។

ទាំង​សេតវិមាន និង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃចន្ទ​ទេ។ ក៏ប៉ុន្តែ​មន្រ្តី​កំពូល​ម្នាក់​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ថា​តើ​ត្រូវ​ឆ្លើយតប​យ៉ាង​ដូចម្តេច។

ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ហាមខាត់​មិន​ឲ្យ​អ៊ីរ៉ង់​លក់​ប្រេង ហើយ​ក៏​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​វ៉េណេស៊ុយអេឡា​ដែរ រួម​មាន​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ជា​ផ្នែក​មួយ​នៃ​ការ​ខំប្រឹងប្រែង​បណ្តេញ​ប្រធានាធិបតី​ម៉ាឌុយរ៉ូ​ចេញ​ពី​តំណែង៕