អ៊ីរ៉ង់​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​កាសែត​ដែល​បាន​ជួយ​ជំរុញ​បាតុកម្ម​ទូទាំង​ប្រទេស​

អ្នកសារព័ត៌មានលោក Ruhollah Zam និយាយអំឡុងពេលសវនាការនៅតុលាការក្នុងក្រុងតេរ៉ង់ ​ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២០។

អ្នក​សារព័ត៌មាន​អ៊ីរ៉ង់​ម្នាក់​ដែល​ការងារ​លោកបាន​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្មទូទាំង​ប្រទេស​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​២០១៧ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​សារ​ទង្វើ​របស់​លោក​នេះ។

អ្នក​នាំ​ពាក្យ​តុលាការ​និយាយ​ថា ​ទោស​ប្រហារ​ជីវិត​លោក Ruhollah Zam ត្រូវ​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ។

គេហទំព័រ​ឈ្មោះ AmadNews របស់​លោក Zam បាន​បង្កើត​គណនី​តាម​បណ្តាញ Telegram ដ៏​មាន​ប្រជាប្រិយភាព ដែល​បាន​ជួយ​ផ្តល់​ដំណឹង​ដល់​ពលរដ្ឋ​អំពី​ពេលវេលា​នៃ​បាតុកម្ម​និង​ផ្សាយ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​អាម៉ាស់​របស់​មន្ត្រី​អ៊ីរ៉ង់។

លោក Zam បាន​រស់​នៅ​និរទេស​ក្នុង​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​មុន​នឹង​លោក​ត្រូវ​គេ​ទាក់ទាញ​ឲ្យ​ត្រឡប់​ទៅ​អ៊ីរ៉ង់​វិញ ហើយ​អាជ្ញាធរ​បារាំង​បាន​ថ្កោលទោស​ចំពោះ​ការ​កាត់​ទោស​ប្រហារ​ជីវិត​នេះ។

លោក Zam នៅ​អាច​ប្តឹង​ឧទ្ធរណ៍​បាន៕