ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ នោះសហរដ្ឋអាមេរិកនឹងស្ដាយក្រោយជាក់ជាមិនខាន។
លោក Rouhani បានបញ្ជាក់នៅក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះថា៖ «ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ នោះអ្នកនឹងឃើញថា សហរដ្ឋអាមេរិកនឹងស្ដាយក្រោយជាមិនខានក្នុងប្រវត្តិសាស្ត្រ»។
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងសម្រេចនៅត្រឹមថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ អំពីថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងនៅតែគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ ឬក៏យ៉ាងណានោះ។
លោក Trump ធ្លាប់បាននិយាយថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានគេកែប្រែនោះទេ ដែលក្នុងនោះមានទាំងសំណើដែលដាក់កំហិតចំពោះកម្មវិធីគ្រាប់ផ្លោងមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ ដែលជាកម្មវិធីមួយដែលអ៊ីរ៉ង់អះអាងថាសម្រាប់តែការការពារខ្លួនតែប៉ុណ្ណោះ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយថា អ៊ីរ៉ង់នឹងមិនចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ នេះឡើងវិញជាមួយនឹងមហាអំណាចពិភពលោកនោះទេ។
កន្លងមក ចក្រភពអង់គ្លេស ប្រទេសបារាំង និងអាល្លឺម៉ង់ ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ បានព្យាយាមបញ្ចុះបញ្ចូលលោក Trump ម្ដងហើយម្ដងទៀតកុំឲ្យដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ៕