រដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថាខ្លួននឹងបញ្ឈប់ការចែករំលែកព័ត៌មានជាមួយរដ្ឋាភិបាលអ៊ុយក្រែនអំពីការធ្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនកាលពីខែមុនបន្ទាប់ពីប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែនមួយផ្សាយការលេចធ្លាយខ្សែអាត់សំឡេងពីកន្លែងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអ៊ីរ៉ង់។
ខ្សែអាត់សំឡេងដែលបានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែននៅល្ងាចថ្ងៃអាទិត្យគឺជាការសន្ទនារវាងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស២នាក់និយាយភាសា Farsi អំពីពន្លឺនៃគ្រាប់មីស៊ីលមួយដេញតាមផ្លូវយន្តហោះ។
អ៊ីរ៉ង់បានបដិសេធអស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះដែលនោះត្រូវបាញ់ទម្លាក់ដោយមីស៊ីលរបស់អ៊ីរ៉ង់។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថាការថតសំឡេងនេះបង្ហាញថា ភាគីអ៊ីរ៉ង់បានដឹងតាំងពីដំបូងថា យន្ដហោះនោះត្រូវបានវាយប្រហារដោយមីស៊ីល។ អាជ្ញាធរអ៊ីរ៉ង់ប្រហែលជាអាចចូលមើលកំណត់ហេតុនេះដោយផ្ទាល់បន្ទាប់ពីការធ្លាក់យន្តហោះនោះ។
កាលពីថ្ងៃចន្ទលោក Hassan Rezaeifar ប្រធានក្រុមស៊ើបអង្កេតអ៊ីរ៉ង់បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងបញ្ឈប់ការសហការជាមួយអ៊ុយក្រែនលើការស៊ើបអង្កេត។
លោក Rezaeifar មិនបានបដិសេធថា សំឡេងលេចធ្លាយនោះគឺពិតឬយ៉ាងណាទេ។
ប្រទេសអ៊ីរ៉ង់បានសារភាពកាលពីថ្ងៃទី១១ខែមករាថា បានបាញ់ទម្លាក់យន្ដហោះអន្ដរជាតិអ៊ុយក្រែន ភ្លាមៗបន្ទាប់ពីវាបានហោះចេញពីទីក្រុងតេហេរ៉ង់ដោយនិយាយថាកងកម្លាំងរបស់ខ្លួនយល់ច្រឡំថា យន្តហោះនោះជាយន្តហោះសត្រូវគំរាមកំហែងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលលើមូលដ្ឋានអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិក។ ការធ្លាក់យន្ដហោះប៊ូអ៊ីង៧៣៧នោះបានសម្លាប់មនុស្សទាំងអស់១៧៦នាក់ក្នុងយន្តហោះនោះ។ ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ក្រុមមន្រ្តីបានស្តីបន្ទោសថា យន្ដហោះនោះមានបញ្ហាមេកានិក៕