លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យបានគាំទ្រការសម្រេចមួយរបស់រដ្ឋាភិបាលក្នុងការដំឡើងតម្លៃប្រេង ដែលបានបង្កឲ្យមានការបន្តរហូតដល់មានមនុស្សស្លាប់កាលពីចុងសប្ដាហ៍នេះ។
លោក Khamenei បានបន្ទោសដល់បាតុករចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបានបង្កឲ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់បាត់បង់ជីវិត។ អត្ថាធិប្បាយរបស់លោកត្រូវបានធ្វើឡើង ខណៈដែលរដ្ឋាភិបាលបានកាត់ផ្ដាច់អ៊ីនធឺណិតទូទាំងប្រទេសមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីព្យាយាមបង្ក្រាបដល់ការធ្វើបាតុកម្មតវ៉ាទៅនឹងការដំឡើងថ្លៃប្រេង ដែលជាតម្លៃមួយដែលរដ្ឋាភិបាលកំណត់ រហូតដល់៥០%។
នៅក្នុងសុន្ទរកថាមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ទូទាំងប្រទេស លោក Khamenei បាននិយាយថា អ្នកខ្លះត្រូវបាត់បង់ជីវិតរបស់ខ្លួនដោយមិនមានមូលហេតុអ្វីទាំងអស់។
ការតវ៉ានេះបានដាក់សម្ពាធជាថ្មីទៀតទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈដែលប្រទេសនេះកំពុងតែជួបការលំបាកក្នុងការយកឈ្នះលើទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ជាមួយនឹងបណ្ដាប្រទេសមហាអំណាចពិភពលោក៕