ប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទ ថា ខ្លួនបានស្ដុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពីចំនួនកម្រិត ដែលខ្លួនបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលដាក់កម្រិតមិនឲ្យប្រទេសខ្លួនផលិតអាវុធនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានពាក់កណ្ដាលផ្លូវការ ISNA ថា «អ៊ីរ៉ង់បានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមលើកម្រិតកំណត់៣០០គីឡូក្រាម...»។
ទីភ្នាក់ងារឃ្លាំមើលការផលិតបរមាណូរបស់អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ពិតជាផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិតកំណត់នៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិនោះប្រាកដមែន។
ការប្រកាសរបស់អ៊ីរ៉ង់ត្រូវបានគេជឿថា គឺជាលើកទីមួយហើយដែលអ៊ីរ៉ង់បានបំពានទៅនឹងកិច្ចព្រមព្រៀងដែលខ្លួនបានព្រមព្រៀងជាមួយនឹងប្រទេសមហាអំណាចចំនួន៦ផ្សេងទៀត ដោយរួមទាំងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់នេះ។ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះកាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ចំណាត់ការរបស់អ៊ីរ៉ង់គឺជា «ជំហានដ៏សំខាន់មួយក្នុងការផលិតអាវុធនុយក្លេអ៊ែរ» និងបានជំរុញឲ្យអឺរ៉ុបដាក់ទណ្ឌកម្មបរមាណូទៅលើប្រទេសអ៊ីរ៉ង់ផងដែរ៕