នៅឯការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា ក្រុមកីឡាករបាល់ទាត់ប្រទេសអ៊ីរ៉ង់ទំនងដូចជាចង់បង្ហាញការសាមគ្គីភាពជាមួយនឹងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ប្រឆាំងទៅនឹងការបង្រ្កាបដោយអំពើហិង្សាពីរដ្ឋាភិបាលក្រុងតេអេរ៉ង់ ទៅលើការធ្វើបាតុកម្មដែលកាន់តែរីករាលដាលនោះ ដោយក្រុមកីឡាបាល់ទាត់អ៊ីរ៉ង់បានបដិសេធមិនច្រៀងបទគោរពទង់ជាតិរបស់ប្រទេសខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ មុនការបើកការប្រកួតជាមួយប្រទេសអង់គ្លេស។
ពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ បានចោទប្រកាន់ដល់ក្រុមកីឡាបាល់ទាត់របស់ពួកគេថា បានគាំទ្រដល់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលគ្រប់គ្រងដោយក្រុមនិកាយមូស្លីមស៊ីអ៊ីត ដែលប្រកាន់តឹងរ៉ឹង បើទោះបីជាក្រុមមន្ត្រីសាធារណៈជាច្រើន ក្រុមកីឡាករ និងអ្នកសិល្បករផ្សេងៗទៀត បានបង្ហាញការគាំទ្រដល់ក្រុមបាតុករយ៉ាងណាក្តី។
ក្រុមបាតុករអ៊ីរ៉ង់ជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងការតវ៉ាប្រឆាំងរបស់ពួកគេទៅលើរដ្ឋាភិបាលបន្ទាប់ពីស្ត្រីវ័យក្មេងអ៊ីរ៉ង់ម្នាក់ គឺនាង Mahsa Amini បានស្លាប់នៅក្រោមការឃុំឃាំងរបស់ប៉ូលិស កាលពី២ខែមុន បន្ទាប់ពីនាងត្រូវបានចាប់ខ្លួនដោយក្រុមប៉ូលិសសីលធម៌របស់ប្រទេសនេះ ដោយចោទថា នាងមិនបានប្រើកន្សែងរំក្បាលនិងមុខរបស់នាងឱ្យបានត្រឹមត្រូវនោះ។
មុនពេលទៅដល់ប្រទេសកាតា ដែលស្ថិតនៅត្រើយម្ខាងនៃឈូងសមុទ្រពែក្សទល់មុខនឹងប្រទេសអ៊ីរ៉ង់នោះ ក្រុមកីឡាករបាល់ទាត់របស់ប្រទេសនេះ បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ដែលប្រកាន់តឹងគឺលោក Ebrahim Raisi។ រូបភាពនៃជំនួបនោះ ដែលក្នុងនោះមានកីឡាករម្នាក់បានឱនក្បាលគោរពប្រធានាធិបតីអ៊ីរ៉ង់នោះ ត្រូវបានបង្ហោះយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមស្របពេលដែលការប្រឆាំងតវ៉ានៅតាមដងផ្លូវកំពុងបន្តកើតមានឡើងយ៉ាងខ្លាំងនោះ។
ក្រុមកីឡាបាល់ទាត់អ៊ីរ៉ង់បានឈរតម្រង់ជួរគោរពភ្លេងជាតិ នៅមុនការចាប់ផ្តើមការប្រកួតជាមួយក្រុមកីឡានៃប្រទេសអង់គ្លេស ប៉ុន្តែពួកគេបានរក្សាភាពស្ងៀមស្ងាត់មិនព្រមច្រៀងតាមបទភ្លេងគោរពទង់ជាតិដែលបានចាក់សំឡេងនោះឡើយ ដែលនេះជាការសម្រេចមួយ ដែលពួកគេបានព្រមព្រៀងគ្នាទុកជាមុន។
កាលពីថ្ងៃអាទិត្យប្រធានក្រុមកីឡាបាល់ទាត់អ៊ីរ៉ង់ លោក Ehsan Hajsafi បានសម្តែងនូវសមានចិត្តអាណិតអាសូរដល់ក្រុមគ្រួសារ ដែលមានសមាជិកស្លាប់ដោយការបង្រ្កាបនៅក្នុងប្រទេសរបស់លោកនោះ។
លោកនិយាយថា៖ «យើងត្រូវតែទទួលយកថា ស្ថានភាពនៅក្នុងប្រទេសរបស់យើងគឺមិនត្រឹមត្រូវនោះឡើយ ហើយប្រជាជនអ៊ីរ៉ង់មិនសប្បាយចិត្តនោះទេ។ យើងនៅទីនេះប៉ុន្តែមិនមែនមានន័យថា យើងមិនអាចតំណាងឱ្យសំឡេងរបស់គេ ឬមិនត្រូវគោរពពួកគេនោះឡើយ»៕