ប្រធានាធិបតី​ថ្មី​អ៊ីរ៉ង់​ស្បថ​ចូល​កាន់តំណែង ដោយ​សន្យា​បន្ត​ព្យាយាម​ដក​​ទណ្ឌកម្ម​បស្ចិម​ប្រទេស

ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី លោក Masoud Pezeshkian ថ្លែង​សុន្ទរកថា​បន្ទាប់​ពី​ធ្វើ​សច្ចាប្រណិធាន​ក្នុង​ពិធី​មួយ​នៅ​សភា​ក្នុង​ក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ស្បថ​ចូល​កាន់​តំណែង​ ​ក្នុង​នាម​ជា​អ្នក​នយោបាយ​កំណែ​ទម្រង់​ម្នាក់។ លោក​ក៏ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូងមួយ​រូប​ផងដែរ ​ហើយបាន​សន្យា​ថា​នឹង​បន្ត​ព្យាយាម​ដក​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រទេស​លោក​ខាង​លិច​ចេញ​ដោយសារកម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូង​ចម្រាស់​របស់​អ៊ីរ៉ង់។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Masoud Pezeshkian បាន​ថ្លែង​សុន្ទរកថា​បន្ទាប់ពី​ពិធី​ស្បថ​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​នៅឯ​វិមាន​សភា​ក្នុង​រដ្ឋធានី Tehran។ លោក​បាន​និយាយ​ថា​លោក​ពិចារណា​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ចជា​ប្រក្រតីភាព​ឡើង​វិញ​ជាមួយ​ពិភពលោក​ដើម្បី​ឱ្យ​ក្លាយ​ជា​សិទ្ធិ​ពិតប្រាកដ​របស់​អ៊ីរ៉ង់។

មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei កាលពី​ថ្ងៃ​អាទិត្យ​បាន​ផ្តល់​ការគាំទ្រ​ជា​ផ្លូវការ​ដល់​លោក Pezeshkianដែល​ជា​សមាជិក​សភា​យូរ​ឆ្នាំ។

លោក Pezeshkianបាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​កក្កដា​បន្ទាប់ពី​ប្រធា នាធិបតី​កាន់​តំណែង​មុន​គឺ​លោក Ebrahim Raisi បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ខែ​ឧសភា​នៅ​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​បណ្តាល​ឱ្យ​មាន​ការបោះឆ្នោត​មុន​ពេល​កំណត់៕