រដ្ឋមន្ត្រី​ថាមពល​អ៊ីរ៉ង់​ទៅ​ប្រទេស​អ៊ីរ៉ាក់ ក្រោយ​ការកាត់​បន្ថយ​ការដឹក​ជញ្ជូន​ឧស្ម័ន​ធម្មជាតិ​ទៅ​លក់​ក្រៅ​ប្រទេស

រូបឯកសារ៖ លោក Reza Ardakanian រដ្ឋមន្រ្តី​ថាមពល​អ៊ីរ៉ង់​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

លោក​រដ្ឋមន្ត្រី​ថាម​ពល​អ៊ីរង៉​លោក​ Reza Ardakanian ​បំពេញ​ទស្សន​កិច្ច​ក្នុង​ក្រុង​បាដាដ ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​មករា ​ដើម្បី​ពិភាក្សា​អំពី​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​អ៊ីរ៉ង់ ​ដែល​បាន​បង្ខំឱ្យ​អ៊ីរ៉ាក់​ បន្ថយ​ការ​ចែក​ចាយ​ភ្លើង​អគ្គិសនី​មក​នៅ​ត្រឹម​បួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ក្នុង​កន្លែង​ភាគ​ច្រើន។​ រដ្ឋាភិបាល​ក្រុងតេហេរ៉ង់ ​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​បាដាដ ​ជំពាក់​ខ្លួន​ជាង​៥​ពាន់​លាន​ដុល្លារក្នុង​ការ​ទិញ​ឧស្ម័ន​និង​អគ្គិសនី។ ​ គេ​ដឹង​មិន​ច្បាស់​លាស់​ទេ​ថាតើ​វិបត្តិ​ឧស្ម័ន​នេះ ​មាន​ទាក់​ទង​នឹង​ការ​ខ្វែង​គំនិត​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ លោក​ Mustapha Kadhimi ​និង​ពួក​ជីវពល​លម្អៀង​ទៅ​ខាង​អ៊ីរ៉ង់​ ដែល​បាន​បាញ់​រ៉ុក្កែត​ដាក់​ស្ថានទូត​ស.រ.អា.​ ឬ​យ៉ាង​ណា​ទេ។

កាល​ពី​ថ្ងៃទី​៤​ ខែមករា​ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ាក់​បាន​ប្រកាស​ថា ​ប្រទេស​កំពុង​មាន​ការ​លំបាក​ដោយសារ​វិបត្តិ​អគ្គិសនី​ធំ​មួយ ក្រោយពីការ​បន្ថយ​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដោយ​អ៊ីរ៉ង់​ពី​៥០​លាន ​មក​៥​លាន​ម៉ែត្រ​គុប។​ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​បាដាដ ​ត្រូវ​បង់​ប្រាក់​យ៉ាង​ហោច​ណាស់​បីបួន​ពាន់​លាន​ដុល្លារ​ក្នុង​បណ្តា​បំណុល​៥​ពាន់​លាន​ដុល្លារ ​ដែល​ខ្លួន​នៅ​ជំពាក់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ​សម្រាប់ការ​ទិញ​ឧស្ម័ន​ និង​អគ្គិសនី​ពី​អ៊ីរ៉ង់។​

រដ្ឋមន្ត្រី​ថាម​ពល​អ៊ីរ៉ង់​លោក​ Reza Ardakanian ​បាន​ជូប​ជា​មួយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក​ Majid Hantush ​ រដ្ឋមន្ត្រី​អគ្គិសនី​ និង​លោក​ Mustapha Ghaleb ​ទេសាភិបាល​ធនាគារ​កណ្តាល​ផង​ដែរ​ នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក​ក្នុង​ក្រុង​បាដាដ ​កាល​ពី​ថ្ងៃទី​៤ ខែ​មករា ​ដើម្បី​ពិភាក្សា​គ្នា​អំពី​វិបត្តិ​នេះ។​ គេ​រាយ​ការណ៍​ថា លោក Mustapha Qa'ani ​មេ​បញ្ជាការ​កង​ទ័ព​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ ក៏​បាន​ជួប​ជា​មួយ​ពួក​សម្ព័ន្ធ​មិត្ត​ជីវពល​ Shi’ite ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ក្នុង​ក្រុង​បាដាដ ​កាល​ពី​បី​បួន​ថ្ងៃ​មុន​នេះ​ដែរ។

ទស្សន​កិច្ច​ទាំង​នេះ ​ធ្វើ​ឡើង​នៅ​ពេល​មាន​ភាព​តានតឹង​រវាង​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក​ Mustapha Kadhimi​ និង​ពួក​មេ​បញ្ជាការ​នៃ​កង​ជីវពល ​Shi’ite ​លម្អៀង​ទៅខាង​អ៊ីរ៉ង់រួម​មាន​លោក​ Qais al Khazali ​មេបញ្ជាការ​នៃ​កង​ជីវពល​ Asa'ib Ahl al Haq។ ពួក​គេ​ពិភាក្សា​អំពី​ការ​ចាប់​ខ្លួន​ពួក​សមាជិក​នៃ​កង​ជីវពល​នេះ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បាញ់​រ៉ុក្កែត​ដាក់​ស្ថានទូត​ស.រ.អា.​ក្នុង​ក្រុង​បាដាដ។​

លោក​ Ali Rabiei ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ​ក្នុង​ក្រុង​តេហេរ៉ង់​ថា​ ​អ៊ីរ៉ង់​គ្មាន​ទាក់​ទិន​ជា​មួយ​ការ​បាញ់​រ៉ុក្កែត​ដោយ​ពួក​ជីវពល​ដាក់​ស្ថានទូត​អាមេរិកាំង​ទេ។ ​លោក​បាន​ថ្លែង​ទៀត​ថារដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​«ដឹង​ថា​ ​មាន​ក្រុម​ផ្សេងៗ​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​ចង់​បញ្ចប់​ការ​កាន់កាប់​របស់​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់»។​ លោក​បាន​ចោទ​ប្រកាន់​ស.រ.អា.​ថា​ បាន​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​ក្នុង​តំបន់​នោះ។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​រូប​នេះ​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​នេះ ដោយ​លោក​បាន​ថ្លែង​បន្ថែម​ថា​ ​ស.រ.អា.​ត្រូវ​បញ្ឈប់​អ្វី​ដែល​លោក​ហៅ​ថា​ ជា​«អន្តរាគមន៍​ឆ្លង​កាត់​ព្រំដែន»​និង​«ការ​ផ្សង​ព្រេង»​របស់​អាមេរិក​ក្នុង​តំបន់​នោះ​ផង​ដែរ។​

ឥឡូវនេះ​មួយ​ឆ្នាំ​ហើយ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ drone ​របស់​អាមេរិកាំង​មួយ​គ្រឿង ​ដែល​បាន​បណ្តាល​ឱ្យ​លោក​ឧត្តម​សេនីយ​ Qassem Soleimani ​អគ្គ​មេបញ្ជាការ​យោធា​អ៊ីរ៉ង់​ស្លាប់ នៅ​ពេល​ក្បួនរថយន្តរបស់​លោក ​បាន​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​បាដាដ ។​ មេដឹកនាំ​អ៊ីរ៉ង់​ខ្លះ​ និង​ពួក​សម្ព័ន្ធមិត្ត​ជីវពល​អ៊ីរ៉ាក់​របស់​ពួក​គេ ​បាន​ប្តេជ្ញា​សងសឹក​ការ​សម្លាប់​លោក​ Soleimani ។​

លោក ​Abolhassan Bani Sadr ​អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ​ស្ថាន​ការណ៍​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ច្របូក​ច្របល់ ហើយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​«ក្ស័យធន​និង​គាំង​ដំណើរ​ខាង​នយោបាយ»។ លោក​ថ្លែង​ថា​ ដោយ​ហេតុផល​ទាំង​នេះ​ លោក​សង្ស័យ​ថា​ ​អ៊ីរ៉ង់​មិន​ប្រឹង​ប្រែង​ទម្លាក់​រដ្ឋាភិបាល​នាយក​រដ្ឋមន្ត្រី​ Kadhimi ​ទេ។​

លោក​ Abolhassan Bani Sadr ​និយាយ​ថា ការ​ទម្លាក់​របប​គ្រប់គ្រង​នេះ​ មាន​ន័យ​តែ​នៅ​ពេល​ដែល​រដ្ឋាភិបាល​មាន​ដំណើរ​ការ ​ក៏​ប៉ុន្តែ​ រដ្ឋ​នេះពិការ ​ហើយ​រដ្ឋាភិបាល​គ្មាន​ដំណើរ​ការ​ទេ។ ​លោក​បាន​ពោល​បន្ថែម​ថា នៅ​ពេល​នេះ​អ៊ីរ៉ាក់​កំពុងប្រឹង​ប្រែង​រក្សា​ឱ្យ​មាន​តុល្យភាព​ផ្ទៃ​ក្នុង​រវាង​ពួក ​Sunnis​ ពួក ​Shi’ites​ និង​ពួក​ Kurds ​និង​តុល្យភាព​ក្រៅ​ប្រទេស​រវាង​អ៊ីរ៉ង់ ​អារ៉ាប់​ប៊ីសាអូឌីត ​និង​ប្រទេស​តួកគី។​

លោក​ Abolhassan Bani Sadr ​បាន​និយាយ​ថែម​ទៀត​ថា​ លោក​មិន​យល់​ថា​ អ៊ីរ៉ង់​មាន​ប្រតិកម្ម​នៅ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​ស្លាប់​លោក​ឧត្តមសេនីយ​ Soleimani ​ទេ​ពីព្រោះ​អ៊ីរ៉ង់​«គ្មាន​កម្លាំង​យោធា​គ្រប់គ្រាន់​ទេ»។ លោក​និយាយ​ថា​ អ្នក​នាំ​ពាក្យ​អ៊ីរ៉ង់​ភាគ​ច្រើន​អំពាវ​នាវ​ឱ្យ​មាន​«ការ​សង​សឹក​មិន​ទាក់​ទង​យោធា»។​

លោក​ Christopher Miller ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ស្តីទី​ បាន​និយាយ​កាល​ពី​ខែ​វិច្ឆិកា​ថា​ កង​កម្លាំង​ស.រ.អា.​នៅ​អ៊ីរ៉ាក់​ នឹង​បន្ថយ​ឱ្យ​នៅ​ត្រឹម​ប្រមាណ​ទាហាន​២​ពាន់​ ៥​រយ​នាក់​ មិន​ហួស​ពី​ខែ​មករា​ឆ្នាំ​២០២១​ នេះ​ទេ៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ