ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ថ្មី​នៅ​អ៊ីរ៉ង់​កើនឡើង​ដល់​៨​នាក់ ហើយ​អាជ្ញាធរ​បាន​បិទ​សាលារៀន​និង​រោងកុន​នានា

អ្នក​ធ្វើ​ដំណើរ​ពាក់​ម៉ាស់​នៅ​លើ​រថយន្ត​ក្រុង​សាធារណៈ​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា មាន​ករណី​ស្លាប់​ដោយ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​ចំនួន​ពីរ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ​សរុប​កើនឡើង​ដល់​៨​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ នេះ​គឺ​ជា​តួលេខ​អ្នក​ស្លាប់​ច្រើន​បំផុត​ដោយ​សារ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ​នៅ​ក្រៅ​ប្រទេស​ចិន។

ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​លើ​កញ្ចក់​ទូរទស្សន៍​របស់​រដ្ឋ​អ៊ីរ៉ង់ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ លោក Kianush Jahanpur បាន​និយាយ​ថា មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ​ចំនួន​១៥​ករណី​ថែម​ទៀត​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​សរុប​កើនឡើង​ដល់​៤៣​នាក់។

លោក Jahanpur មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​លើ​ការ​ស្លាប់​ថ្មី​នេះ​ទេ។ ប៉ុន្តែ​ប្រព័ន្ធផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​ស្រង់​សម្ដី​របស់​លោក Abbas Musavi ប្រធាន​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ក្នុង​ខេត្ត Mazandaran ភាគខាងជើង​ថា មនុស្ស​ម្នាក់​ដែល​មិន​ត្រូវ​បាន​កំណត់អត្តសញ្ញាណ ដែល​បាន​ធ្វើ​ដំណើរ​ពី​រដ្ឋធានី​តេហេរ៉ង់​ទៅ​កាន់​តំបន់​រដ្ឋធានី Tonekabon បាន​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​នេះ។

អ៊ីរ៉ង់​បាន​រាយការណ៍​ថា​ មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់​ក្រៅ​ពី​ប្រទេស​ចិន។

ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ​ថា មាន​ការ​សង្ស័យ​ថា​ មាន​ករណីឆ្លង​មេរោគ​នេះ​ចំនួន​៧៩៥​នៅ​ទូទាំង​ប្រទេស​ ហើយ​តួលេខ​នេះ​អាច​នឹង​បន្ត​កើនឡើង​ថែម​ទៀត៕