រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានគម្រោងដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនអាមេរិកាំងចំនួន ៩ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានហៅថា ការសម្រេចចិត្ត «ដោយខុសច្បាប់ មិនអាចទទួលយកបាន» របស់សហរដ្ឋអាមេរិក នៅក្នុងការដាក់ទណ្ឌកម្មជាថ្មីពាក់ព័ន្ធនឹងកម្មវិធីគ្រាប់ផ្លោងមីស៊ីលរបស់អ៊ីរ៉ង់។
សេចក្ដីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទាំងនោះ បានរំលោភទៅលើសិទ្ធិមនុស្សតាមរយៈទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអំពើឧក្រិដ្ឋរបស់រដ្ឋាភិបាលអ៊ីស្រាអែលនៅក្នុងដែនដីប៉ាឡេស្ទីន ឬក៏ជាមួយនឹងការគាំទ្រពួកភេរករជាដើម។ សេចក្ដីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ទៀតថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងប្រកាសឈ្មោះរបស់បុគ្គល និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកទាំងនោះ នាពេលក្រោយ។
កាលពីថ្ងៃពុធម្សិលមិញ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីៗលើមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ ២ នាក់ ក្រុមហ៊ុនអ៊ីរ៉ង់មួយ និងសមាជិកនៃបណ្ដាញមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។
លោក Steven T. Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា៖ «ការដាក់ទណ្ឌកម្មទាំងនោះ សំដៅលើមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ និងបណ្ដាញមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ដែលផ្ដល់ការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសស៊ីរី និងផ្ដល់ឧបករណ៍នានាដល់កម្មវិធីគ្រាប់ផ្លោងមីស៊ីលរបស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកនឹងរក្សាការប្រុងប្រយ័ត្នចំពោះរឿងរ៉ាវណា ដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់»។
លោក Stuart Jones មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា បាននិយាយថា កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់រំលោភទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕