កងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះ ទាហានទឹកជើងអាមេរិក១០នាក់ ត្រូវបានដោះលែងហើយ។ ការដោះលែងនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទាហានអាមេរិកាំងទាំងនោះត្រូវបានចាប់ឃាត់ខ្លួន នៅពេលដែលនាវារបស់ពួកគេបានរសាត់ចូលក្នុងដែនទឹករបស់អ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានសុំទោសចំពោះការរំលោភចោលដែនទឹកអ៊ីរ៉ង់នោះ ហើយថា សហរដ្ឋអាមេរិក បានធានាថា នឹងមិនមានរឿងបែបនេះ កើតឡើងម្តងទៀតទេ។
សហរដ្ឋអាមេរិក មិនទាន់បញ្ជាក់បានភ្លាមៗទេ ថាតើទាហានជើងទឹកទាំងនោះ ពិតជាត្រូវបានដោះលែងហើយមែនឬអត់។
ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានស្រង់សម្តីលោកឧត្តមសេនីយ៍ Ali Fadavi មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធនេះថា បញ្ហាគ្រឿងម៉ាស៊ីននៅក្នុងប្រព័ន្ធមើលទិសនៃនាវារបស់ទាហានជើងទឹកអាមេរិកនោះ ជាមូលហេតុដែលនាំឲ្យនាវានោះ រសាត់ចូលក្នុងដែនទឹករបស់អ៊ីរ៉ង់។
ពលទាហានជើងទឹកទាំង១០នាក់ ដែលមានបុរស៩នាក់ និងស្រ្តីម្នាក់នោះ បានកំពុងធ្វើដំណើរតាមនាវាតូចពីរគ្រឿង នៅក្នុងឈូងសមុទ្រពែក ស្ថិតនៅចន្លោះប្រទេសគុយវ៉ែត និងបារ៉ែនកាលពីថ្ងៃអង្គារ ស្រាប់តែប្រព័ន្ធត្រួតពិនិត្យរបស់អាមេរិក បានបាត់ទំនាក់ទំនងជាមួយពួកគេតែម្តង។
មន្ត្រីការពារជាតិម្នាក់ បានថ្លែងប្រាប់ VOA ថា «នាវាមួយក្នុងចំណោមនាវាទាំងពីរនោះ អាចមានបញ្ហាគ្រឿងម៉ាស៊ីន ប៉ុន្តែនៅខណៈនេះ គេនៅមិនទាន់ប្រាកដនៅឡើយទេ»។ មន្ត្រីរូបនោះ បានបន្ថែមថា លោកសន្និដ្ឋានថា ពលទាហានជើងទឹកអាមេរិកទាំងនោះ ស្ថិតនៅក្នុងដែនទឹករបស់អ៊ីរ៉ង់ នៅពេលដែលពួកគេត្រូវបានឃាត់ខ្លួននោះ។
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មិនបានមានប្រសាសន៍អំពីស្ថានការណ៍នោះទេ នៅពេលដែលលោកថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិអាមេរិកាំងនៅថ្ងៃអង្គារនោះ។
ប៉ុន្តែលោកប្រធានាធិបតីបានថ្លែងអំពីកិច្ចព្រមព្រៀងបរមាណូមួយ ដែលបានសម្រេចកាលពីឆ្នាំមុន ជាមួយរដ្ឋាភិបាលក្រុងតេរ៉ង់ និងមហាអំណាចបស្ចិមប្រទេសផ្សេងៗទៀត ដោយមានប្រសាសន៍ថា «ពិភពលោកបានបញ្ចៀសសង្គ្រាមមួយទៀត»៕