អ្នក​ធ្វើ​កំណែ​ទម្រង់​របស់​អ៊ីរ៉ង់​ស្វែង​រក​ផល​ប្រយោជន៍​បោះ​ឆ្នោត​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​បរមាណូ

  • Heather Murdock

លោក​ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani (កណ្តាល) បក់ដៃ​បន្ទាប់​ពីចុះឈ្មោះសម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កុម្ភៈនៃក្រុមប្រឹក្សា​អ្នកជំនាញនៅឯក្រសួង​មហាផ្ទៃទីក្រុង Tehranកាលពីថ្ងៃទី​២១ ធ្នូ ឆ្នាំ២០១៥

ស្រប​ពេល​ដែល​អ៊ីរ៉ង់​ត្រៀម​ចូល​​ប្រឡូក​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ពិភពលោក​ជា​ថ្មី​ម្តង​ទៀត​ដោយ​អនុវត្ត​កិច្ច​ព្រមព្រៀង​បរមាណូ​នោះ​ រដ្ឋាភិបាល​បច្ចុប្បន្ន​សង្ឃឹម​ថា​ ភាព​ជោគ​ជ័យ​​នេះ​នឹង​អាច​ធ្វើ​ឲ្យ​សម្រេច​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែក្រោយ។​ ការ​បោះ​ឆ្នោត​នេះ​​មាន​សារៈសំ​ខាន់​ក្នុង​ការ​បង្កើត​គោល​នយោបាយ​អ៊ីរ៉ង់​សម្រាប់​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។

​អ្នក​វិភាគ​បាន​ព្រមាន​ថា ក្រុម​ជ្រុល​និយម​មួយ​ចំនួន​នឹង​ព្យាយាម​ទាញ​យក​ផល​ប្រយោជន៍​ពី​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា​ជា​ភាព​បរាជ័យ​ ដើម្បី​បង្ខូច​ឈ្មោះ​អ្នក​កែ​ទម្រង់​ទាំង​នោះ​ ដូច​ជា​ទាញ​យក​ប្រយោជន៍​ពី​ជម្លោះ​ការ​ទូត​រវាង​អ៊ីរ៉ង់​ និង​អារ៉ាប៊ី​សាអូឌីត ។

នៅ​ក្នុង​ខែ​កុម្ភៈ​ ប្រជាជន​អ៊ីរ៉ង់​នឹង​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ស្ថាប័ន​ដឹក​នាំ​ចម្បង​ចំនួន​២ គឺ​សមាជិក​សភា​ និង​ក្រុម​ប្រឹក្សា​នៃ​អ្នក​ជំនាញ​ដែល​ជា​តួ​អង្គ​កំពូល​នៃ​បព្វជិត​ក្នុង​ប្រទេស​នេះ។

តាម​រយៈ​ជ័យ​ជម្នះ​នៃ​រដ្ឋាភិបាល​របស់​លោក​ប្រនាធិបតី​ Hassan Rouhani​ រួម​មាន​ដូចជា​កិច្ច​ព្រមព្រៀង​អាវុធ​បរមាណូ​ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ អ្នក​ធ្វើ​កំណែ​ទម្រង់​មាន​សង្ឃឹម​ថា ​ពួក​គេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​យ៉ាង​ច្រើន។​

អ្នក​វិភាគ​ជា​ច្រើន​បាន​ព្រមាន​ថា ​ជម្លោះ​ការ​ទូត​រវាង​អារ៉ាប៊ី​សាអូឌីត​ និង​អ៊ីរ៉ង់​ ប្រហែល​ជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​បរាជ័យ​របស់​រដ្ឋាភិបាល ​ដែល​ជន​ជ្រុល​និយម​អាច​ប្រើ​វា​ដើម្បីឲ្យ​អ្នក​បោះ​ឆ្នោត​ដែល​មាន​ស្មារតី​កំណែ​ទម្រង់​មាន​ការ​ខក​ចិត្ត។

អ្នកស្រី​ Camelia Entekhabifard គឺជា​អ្នក​និពន្ធ​ជនជាតិ​អ៊ីរ៉ង់​ និង​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ម្នាក់។ អ្នកស្រី​បាន​មាន​និយាយ​ថា៖ «វា​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត។ អ្នក​គាំ​ទ្រ​ទាំង​នោះ​ជា​អ្នក​ស្វែង​រក​ការ​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​បោះ​បង់​ចោល​រដ្ឋាភិបាល​នេះ ហើយ​ពួក​គេ​នឹង​មិន​គាំទ្រ​ការ​បោះ​ឆ្នោត​ឡើយ»។

អ្នក​ស្រី​និយាយ​ថា ​ក្រុម​ប្រឹក្សា​នៃ​អ្នក​ជំនាញ​បច្ចុប្បន្ន​នេះ​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​បើ​សិន​ជា​មាន​មនុស្ស​ចេញ​មក​បោះឆ្នោត​ច្រើន​ ដោយ​សារ​តែ​ក្រុម​ប្រឹក្សា​នេះប្រហែល​ជា​ត្រូវ​បាន​គេ​សុំ​ឲ្យ​ជ្រើស​រើស​មេដឹកនាំ​កំពូល​ថ្មី​ម្នាក់។ អ្នក​ស្រី​បន្ថែម​ថា មេដឹក​នាំ​កំពូល​គឺ​លោក ​Ali Khamenei​ ប្រហែល​ជា​មិន​អាច​បំពេញ​ភារកិច្ច​គ្រប់​៨ឆ្នាំ​ក្នុង​អាណត្តិ​របស់​លោក​បាន​នោះ​ទេ។​

«មេដឹកនាំ​កំពូល​សព្វ​ថ្ងៃ​មាន​អាយុ​៧៦ឆ្នាំ​ ហើយ​បើសិន​ជា​គាត់​ចង់​លាលែង​ពី​តំណែង​ គាត់​ចង់​បោះ​បង់​អំណាច​របស់​គាត់​ ឬ​បើសិន​ជា​គាត់​ទទួល​មរណៈភាព​ក្នុង​អំឡុង​ពេល​៨ឆ្នាំ​នេះ​ វា​ចំាបាច់​ណាស់​ដែល​ក្រុម​ប្រឹក្សា​នេះ​ ត្រូវ​ជ្រើស​រើស​មេដឹក​នាំ​កំពូល ​ដោយ​ត្រូវ​អះអាង​ថា​ មេដឹកនាំ​នោះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អ្នកបោះ​ឆ្នោត​លើក​នេះ»។

​អ្នក​វិភាគ​ផ្សេង​ទៀត​និយាយ​ថា ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះគឺ​បាន​រៀប​ចំ​ឡើង​ដើម្បី​រក្សា​ទុក​អាជ្ញាធរ​មក​ពី សាសនា​បន្ត​កាន់​អំណាច ​ដោយ​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ក្រុម​ប្រឹក្សា​អ្នក​ជំនាញ​ទទួល ​ឬ​បដិសេធអនាគត​បេក្ខជន។​

លោក​ Yan St.-Pierre ​ប្រធាន​ក្រុមហ៊ុន​ MOSECON ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​លើ​បញ្ហា​សន្តិសុខ​និយាយ​ថា៖ «ដំណើរ​ការ​វាយ​តម្លៃ​សមត្ថភាព​ដ៏​ល្អិត​ល្អន់​នេះធ្វើ​ឲ្យ​ពួក​គេ​ដាក់តែ​បេក្ខជន​ដែល​ព្រម​គាំទ្រ​ជំហរ​របស់​ពួក​គេ​នៅ​ក្នុង​សភា។ ដូច្នេះ​ នេះ​ហើយ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​ដើម្បី​បញ្ជាក់​ថា​ ថ្នាក់​លើ​ គឺ​ក្រុម​ប្រឹក្សា​អ្នក​ជំនាញ​ និង​បព្វជិត​ រួម​ទាំង​ឧត្តម​ក្រុម​ប្រឹក្សា​អាច​រក្សា​អំណាច​កំពូល​របស់​ខ្លួន​បាន»។

លោក​ Yan St.-Pierre​ បន្ត​ថា​ ការណ៍​នេះ​រាប់​បញ្ចូល​ទាំង​លទ្ធភាព​ដែល​មេដឹកនាំជាប់​ឆ្នោត​ថ្មីមាន​ស្មារតី​ធ្វើ​កំណែ​ទម្រង់​កាន់​តែ​ខ្លាំង​ ដោយ​សារ​តែ​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ បាន​ចេញ​ឆ្ងាយ​ពី​ការ​ប្រកាន់​យក​ភាព​ឯកោនិយម។

លោក​ Yan St.-Pierre​ និយាយ​ថា ព្រឹត្តិការណ៍​ថ្មីៗ​នេះ​ រួម​មាន​ការដោះលែង​ក្រុម​នាវិកអាមេរិក​១០​នាក់​ ភ្លាមៗ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សប្តាហ៍​នេះ​ក្នុង​ដែន​ទឹក​អ៊ីរ៉ង់។ ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ការ​ផ្លាស់​ប្តូរ​ក្នុង​ប្រទេស​អ៊ី​រ៉ង់​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៧៩៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ