អ៊ីរ៉ង់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​បារាំង

លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់ (រូប​ឆ្វេង) និង​លោក Francois Hollande ប្រធានាធិបតី​បារាំង ទះ​ដៃ​អបអរ​សាទរ​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​នៅ​វិមាន​ប្រធានាធិបតី Elysee Palace ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។

លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មមួយ​ចំនួន​ជាមួយ​នឹង​ប្រទេស​បារាំង​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ បន្ទាប់​ពី​គេ​បាន​ដក​ទណ្ឌកម្ម​អន្តរជាតិ​នានា​ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

លោក Rouhani បាន​ថ្លែង​ប្រាប់​មេដឹកនាំ​ពាណិជ្ជកម្ម​បារាំង​មួយ​ក្រុម បន្ទាប់​ពី​លោក​បាន​ទៅ​ដល់ទីក្រុង​ប៉ារីស​ដែល​ជា​រដ្ឋធានី​របស់​បារាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «ប្រទេស​អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​បើក​ទំព័រ​មួយ​នៃ​ទំនាក់ទំនង​ថ្មីរវាង​ប្រទេស​ទាំង​២។ ចំពោះ​ដំណើរ​ទស្សនកិច្ច​លើក​នេះ អ៊ីរ៉ង់​បាន​ផ្ញើ​សារ​ទៅ​កាន់​អ្នក​វិនិយោគ និង​ស្ថាប័ន​សេដ្ឋកិច្ច​នានា​ថា ប្រទេស​អ៊ីរ៉ង់​ស្វាគមន៍​ពួកគេ»។

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក Rouhani បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង Francois Hollande នៅ​ឯ​វិមាន​ប្រធានាធិបតី Elysee Palace។ មេដឹកនាំ​នៃ​ប្រទេស​ទាំង​២​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​២០ ដោយ​រួម​មាន​ទាំង​កិច្ចព្រមព្រៀង​លើ​វិស័យ​សុខាភិបាល កសិកម្ម និង​បរិស្ថាន​ផង​ដែរ។

អាកាសចរណ៍​អ៊ីរ៉ង់​បាន​ព្រមព្រៀង​ទិញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចំនួន​១១៨​គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អឺរ៉ុប នៅ​ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​ទឹកប្រាក់ប្រហែល​២៥​ពាន់​លាន​ដុល្លារ។ ប្រភព​ព័ត៌មាន​បារាំង​បាន​ចេញ​ផ្សាយ​ថា ជំនួញ​ដែល​រួម​មាន​ទាំង​ការលក់​យន្តហោះ​ប្រវែង​មធ្យម ​និង​ប្រវែង​វែងផង​នោះ នឹង​ត្រូវ​បាន​គេ​ចរចា​សម្រេច​ចុងក្រោយ​នៅ​ពេល​ដែល​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​គេ​ដក​ចេញ​ទាំង​ស្រុង។ ​

កិច្ចព្រមព្រៀង​មួយ​ទៀត​គឺ​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់បារាំង Peugeot Citroen និង​ក្រុមហ៊ុន Khodro របស់​អ៊ីរ៉ង់ ដោយ​គេ​រំពឹង​ថា នឹង​មាន​ការផលិត​រថយន្ត​ចំនួន​២​សែន​គ្រឿង​ជា​រៀងរាល់​ចាប់​ពី​ឆ្នាំ​២០១៧ត​ទៅ។

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ ​Total របស់​បារាំង​ក៏​បាន​ប្រកាស​នូវ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​នេះ​ជា​កិច្ចព្រមព្រៀង​ដំបូង​បង្អស់​ជាមួយ​នឹង​ក្រុមហ៊ុន​នៅ​បស្ចិម​ប្រទេស​បន្ទាប់​ពី​គេ​បាន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់៕​