អ៊ីរ៉ង់នឹង​ទិញយន្តហោះ​១០០​គ្រឿង​ពី​ក្រុមហ៊ុន​ Boeing ដែលជា​កិច្ច​ព្រមព្រៀង​មួយក្នុង​ប្រវត្តិសាស្ត្រ

យន្តហោះ Boeing ៧៤៧ របស់អាកាសចរណ៍ជាតិអ៊ីរ៉ង់ ត្រូវបាន​គេប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិ Mehrabad។

ក្រុម​ហ៊ុនផលិត​យន្តហោះ​អាកាសចរណ៍បូអ៊ីង​ដ៏​ធំ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​លក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចំនួន​១​០០​គ្រឿង ​នេះ​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​អា​កាស​ចរណ៍​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍។

កិច្ចព្រម​ព្រៀង​នោះ ​ជា​កិច្ច​ព្រម​ព្រៀងមួយ​នៃ​កិច្ចព្រម​ព្រៀង​៣​ដាច់​ដោយ​ឡែក​ពី​គ្នាដែល​បាន​ធ្វើ​ឡើង​រវាង​អ៊ីរ៉ង់​និង​ក្រុម​ហ៊ុន​ផលិត​យន្តហោះ​ដោយ​ប្រទេស​លោក​ខាង​លិច ដើម្បី​ទិញ​យន្តហោះទាំងអស់​២០០​គ្រឿង​ចាប់​តាំងពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន ​បាន​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ចទៅ​លើ​ប្រ​ទេស​នោះ​កាល​ពី​ខែ​មករា​មក។

លោក Ali Abedzadehប្រធាន​អាជ្ញាធរ​អាកាស​ចរណ៍ស៊ីវិល​អ៊ីរ៉ង់ ​បាន​និយាយ​ថា​«យើង​មាន​យន្តហោះ​២៥០​គ្រឿង​នៅ​ក្នុង​ប្រទេស​របស់​យើង ហើយ​យើង​ត្រូវ​ការ​យន្តហោះ​២៣០​គ្រឿង​ដើម្បី​ជំនួស​យន្តហោះ​ទាំង​នោះ‍»។ ទោះ​ជាយ៉ាង​ណាក៏ដោយ ​លោក​បាន​បន្ថែម​ទៀត​ថា មិនមាន​ការ​កំណត់​ពេល​វេលា​ដើម្បី​ប្រគល់​យន្តហោះ​ទាំង​នោះ​ទេ។

លោក Abedzadeh ក៏បាន​និយាយ​បន្ត​ទៀត​ថា យន្តហោះ​អាកាស​ចរណ៍​ជា​ច្រើន​របស់អ៊ីរ៉ង់ ស្ថិត​ក្នុង​ភាព​ទ្រុឌ​ទ្រោមហើយ​ចាំ​បាច់​ត្រូវប្តូរ ប៉ុន្តែ​ក្រុម​ហ៊ុន​ផលិត​យន្តហោះ Boeing ​នៅ​កំពុង​រង់​ចាំ​សេចក្តី​សម្រេច​កិច្ច​ព្រម​ព្រៀង​ចុងក្រោយ​ពី​រតនា​គារ​សហរដ្ឋ​អាមេរិក។​

​កិច្ច​សន្យា​របស់​យន្ត​ហោះ Boeing ​មាន​តម្លៃ​ប្រហែល​១៧​ពាន់​លាន​ដុល្លា ​ហើយ​គឺជា​លើក​ទី​មួយដែល​អ៊ីរ៉ង់ ​បាន​ទិញ​យន្តហោះ​ពី​ក្រុមហ៊ុន Boeing ​ចាបតាំង​ពី​មុនបដិវត្តន៍​ឥស្លាម​ឆ្នាំ​១៩៧៩មក។

នៅ​ខែ​មក​រា ​អ៊ីរ៉ង់ ​បានឈាន​ដល់កិច្ច​ព្រមព្រៀង​ដំបូង​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប Airbus ​ដើម្បី​ទិញ​យន្តហោះ​១១៨​គ្រឿង ​ទោះ​ជាយ៉ាង​នោះ​ក៏ដោយ​កិច្ច​ព្រម​ព្រៀង​នោះ​ កំពុង​រង់​ចាំការយល់​ព្រម​ពី​រតនាគារ​សហរដ្ឋ​អាមេរិក​ដែរ។

ការយល់​ព្រម​ពី​មន្រ្តី​សហរដ្ឋ​អាមេរិក ​ជាការ​តម្រូវ​ឲ្យមាន ពី​ព្រោះ​តែឧបករណ៍​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Airbus ​ចំនួន​១០​ភាគរយ​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​អាមេរិក៕