អ៊ីរ៉ង់​បាញ់​មីស៊ីល​ប្រហែល​២០​គ្រាប់​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ទៅ​លើមូលដ្ឋាន​ទ័ពអាកាស​អ៊ីរ៉ាក់​

រូបថតទាញចេញពីវីដេអូពីទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់កាលពីថ្ងៃទី០៨ ខែមករា បង្ហាញពីគ្រាប់រ៉ូកែតបង្ហោះចេញពីអ៊ីរ៉ង់ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅក្រុង Einal Asad ក្នុងប្រទេសអ៊ីរ៉ាក់។

អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​ប្រហែល​ ២០​គ្រាប់​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ទៅ​លើ​មូលដ្ឋានទ័ព​អាកាស​អ៊ីរ៉ាក់​ចំនួន​២ ​ដែល​ជា​ទីតាំង​របស់​កងទ័ព​អាមេរិក។ នេះ​ជា​សកម្មភាព​កើត​ឡើង​បន្ទាប់​ពី​មេដឹកនាំ​អ៊ីរ៉ង់​បាន​គំរាម​សងសឹក​អាមេរិក​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​ដែល​បាន​សម្លាប់​មេបញ្ជា​ការ​កំពូល​អ៊ីរ៉ង់​ម្នាក់។​

មេដឹក​នាំ​កំពូល​អ៊ីរ៉ង់​លោក ​Ayatollah Ali Khamenei ​បាន​ហៅ​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​ថា​ ជា​ការ​ទះ​កំផ្លៀង​សហ​រដ្ឋ​អាមេរិក ​ហើយ​បាន​និយាយ​ថា​“វត្តមាន​អាក្រក់” ​របស់អាមេរិក​នៅ​ក្នុង​តំបន់​នេះ​គួរតែ​ឈាន​ដល់​ទី​បញ្ចប់។ ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ត្រាំ​គ្រោង​នឹង​ផ្តល់​ការ​ឆ្លើយ​តប​របស់​លោក​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពីការ​វាយ​ប្រហារ​នោះ​ ​លោក​ Trump ​បាន​សរសេរ​តាម​ធ្វីត​ថា​ ស.រ.អា.​កំពុងវាយ​តម្លៃ​អំពី​គ្រោះ​ថ្នាក់​និង​ការ​ខូច​ខាត​ប៉ុន្តែ​ថា​ «រហូត​មក​ដល់​ពេល​នេះ ​លទ្ធផល​ល្អណាស់!»។​ លោក​និយាយ​ថា ​«យើង​មាន​យោធា​ដែល​មាន​ឥទ្ធិពល​បំផុត​និង​មាន​សម្ភារៈ​យ៉ាង​ល្អ​នៅ​គ្រប់​ទីកន្លែង​នៅ​លើពិភព​លោក!»

ការិយាល័យ​នាយក​រដ្ឋមន្រ្តី​អ៊ីរ៉ាក់​បាន​និយាយ​ថា​ គ្មាន​ការ​ស្លាប់​និង​របួស​ក្នុង​ចំណោម​កង​កម្លាំង​អ៊ីរ៉ាក់​ទេ​ ហើយ​ថា​ ខ្លួន​ក៏មិន​បាន​ទទួល​របាយ​ការណ៍​អំពី​ការ​ស្លាប់​និង​របួស​ក្នុង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ដែរ។​ សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា ​អ៊ីរ៉ង់​បាន​ជូន​ដំណឹង​ដល់​អ៊ីរ៉ាក់​ថា​ ខ្លួន​ធ្វើ​ការឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​របស់​សហ​រដ្ឋ​អាមេរិក។​

អ៊ីរ៉ាក់​ក៏​បាន​ទាត់​ចោល​ការ​រំលោភ​លើ​អធិបតេយ្យ​ភាព​និង​សកម្មភាព​គឃ្លើន​នៅ​លើទឹក​ដី​របស់​ខ្លួន​ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​អត់ធ្មត់​ដើម្បី​ទប់ស្កាត់​វិបត្តិ​រវាង​អាមេរិក-អ៊ីរ៉ង់​ ​កុំ​ឲ្យ​វិវត្ត​ទៅ​ជាសង្គ្រាម​ដ៏​សាហាវ​មួយ។ ​រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​លោក​Mohammad Javad Zarif ​បាន​សរសេរ​នៅ​ក្នុង​ធ្វីត​មួយ​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​អ៊ីរ៉ង់​ ហើយ​លោក​បាន​សន្និដ្ឋាន​ថា​ជា​ វិធានការ​ការពារ​ខ្លួន។ ​លោក​ Zarif ​បាន​និយាយ​ថា ​«យើង​មិនស្វែង​រក​ភាព​តានតឹង​ឬ​សង្គ្រាមទេ ប៉ុន្តែ​យើង​នឹង​ការពារខ្លួន​យើង​ពី​ការ​ឈ្លានពាន»។​

ការវាយ​ប្រហារ​ដោយ​មីស៊ីល​នេះ​គឺជា ​ជំហាន​ចុងក្រោយ​បង្អស់​នៅក្នុង​ព្រឹត្តិ​ការណ៍​ជាបន្ត​បន្ទាប់​ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ពេលពីរ​សប្តាហ៍​កន្លង​មកដែល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​សហ​រដ្ឋអាមេរិក​និង​អ៊ីរ៉ង់។ ​សហ​រដ្ឋ​អាមេរិក​បាន​ស្តី​បន្ទោស​កង​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ទៅ​លើមូលដ្ឋាន​នៅ​អ៊ីរ៉ាក់​ដែល​បាន​សម្លាប់​អ្នកម៉ៅ​ការ​យោធា​អាមេរិក​ម្នាក់។​ ការវាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិកទៅ​លើទីតាំង​របស់​កងជីវពល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​បាន​នាំឲ្យ​មាន​ការតវ៉ា​ដោយ​ពីរដ្ឋាភិបាល​អ៊ីរ៉ាក់​និង​មានបាតុកម្ម​នៅ​ឯ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​បាកដាដ។​ កាល​ពីថ្ងៃ​សុក្រ​ការវាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​បាន​សម្លាប់​លោក ​Qassem Soleimani ​មេបញ្ជាការ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅជិត​អាកាស​យានដ្ឋាន​ក្រុងបាកដាដ ប្រទេស​អ៊ីរ៉ាក់។ ​

អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​និយាយ​ថា ​មីស៊ីល​ដែល​បាន​បាញ់​ចេញ​ពីអ៊ីរ៉ង់​បាន​តម្រង់ទៅលើ​មូលដ្ឋាន​ Al-Asad ​ដែល​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ក្រុង​បាកដាដ​ហើយ​នឹង​មូលដ្ឋាន​មួយ​ទៀត​នៅ ​Irbil ​នៅ​នៃ​តំបន់ Kurdish​ពាក់​កណ្តាល​ស្វ័យ័ត​នៅ​អ៊ីរ៉ាក់។ ​អង្គភាព​ឆ្មាំ​បដិវត្តន៍់​អ៊ីរ៉ង់​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ដែលសារទេ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ទៅលើ​មូលដ្ឋាន​នៅ​អ៊ីរ៉ាក់​ដែល​មាន​កងទ័ព​អាមេរិក​ ​ដោយ​និយាយ​ថា​ជា​ការ​សង​សឹក​ចំពោះការ​ធ្វើឃាត​លោក ​Qassem Soleimani។​ កងកម្លាំង​អាមេរិក​បាន​ប្រុង​ស្មារតីខ្ពស់​ចាប់តាំង​ពីអ៊ីរ៉ង់​បាន​គំរាម​ធ្វើការ​វាយ​ប្រហារ ​បន្ទាប់ពី​ការ​សម្លាប់​លោក​ Soleimani ​កាល​ពី​សប្តាហ៍​មុន។ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​និយាយ​ថា ​«យើង​នឹង​ចាត់វិធាន​ការ​ចាំបាច់​ទាំង​អស់ដើម្បី​ការពារ​បុគ្គលិក​ដៃគូ​និង​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់»។​

លោក ​Elliot Engel​ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​អាមេរិក​បាន​ប្រាប់ ​CNN ​ថា ​«លោក​ប្រធានាធិបតី​និង​ក្រុម​ការងារ​របស់​លោក​គួរតែ​រក​វិធីប្រសើរ​ជាងមុន​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹងពីព្រោះ​សង្គ្រាម​អាច​ផ្ទុះឡើង»។

លោក​បាន​បន្ថែម​ថា​ «​អ្វីដែល​យើង​ត្រូវធ្វើ​នៅ​ពេល​នេះ​គឺកាត់បន្ថយ​វោហា​សាស្ត្រ​របស់​គ្រប់​ភាគី​ទាំងអស់​និង​ធ្វើ​ឱ្យ​យើង​រួច​ផុត​ពី​ស្ថាន​ភាព​នេះ»៕​