ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​អ៊ីរ៉ង់​ក្លាយ​ជា​ក្តី​បារម្ភ​របស់​ប្រទេស​ឈូង​សមុទ្រ​ពែក

(ពី​ឆ្វេង​ទៅ​ស្តាំ) លោក Yusuf bin Alawi រដ្ឋ​មន្រ្តី​ការបរទេស​អូម៉ង់ លោក Adel al-Jubeir រដ្ឋ​មន្រ្តី​ការបរទេស​អារ៉ាប៊ី​សាអូឌីត លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក និង​លោក Khalid bin Ahmed Al Khalifa រដ្ឋ​មន្ត្រី​ការ​បរទេស​បារ៉ែន ឈរ​ថត​រូប​ជា​លក្ខណៈ​គ្រួសារ កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ២០១៦។

ប្រទេស​អ៊ីរ៉ង់​ចាំ​បាច់​ធ្វើ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ការបរទេស​នៅ​ក្នុង​តំបន់​ ហើយ​បញ្ឈប់​ការ​ដឹក​ជញ្ជូន​អាវុធ ​ហ្វឹកហាត់​ពួក​ភេរវជន​ ហើយ​ផ្តល់​ហិរញ្ញវត្ថុ​ និង​គាំទ្រ​ពួក​អាយ៉ង ​នេះ​បើ​តាមប្រសាសន៍​របស់​លោក​រដ្ឋ​មន្រ្តី​ការបរទេស​របស់​ប្រទេស​បារ៉ែន។

នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ប្រទេស​នេះ ​លោក Khalid bin Ahmed Al Khalifa ​បាន​មាន​ប្រសាសន៍​ថា អ៊ីរ៉ង់​ចាំ​បាច់​លះបង់​ការ​ខំ​ប្រឹង​ប្រែង​ឲ្យ​បានច្រើន​ដូច​ដែល​អ៊ីរ៉ង់ ​បាន​ធ្វើ​ដើម្បី​ការ​ពារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​មហាអំណាច​ពិភពលោក​៥​ផ្សេង​ទៀត។

​អត្ថាធិប្បាយ​របស់​លោក ​ចង្អុល​បង្ហាញ​ពី​ការ​ព្រួយ​កង្វល់​ដែល​បន្ត​មាន​ឡើង​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​អំពី​អ្វី​ដែល​ពួកគេ ​ចាត់​ទុក​ថា ​អាកប្បកិរិយា​គ្មាន​លំនឹង​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ​ជា​បញ្ហា​ដែល​អស់​លោក ​បាន​លើក​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក​មុន​ពេល​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​កាល​ពី​ខែ​មករា​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់។

ចាប់​តាំង​ពី​ខែ​កញ្ញា​មក នាវា​កងទ័ព​បាន​ស្ទាក់​ចាប់​កប៉ាល់ដឹក​ទំនិញ​៤​គ្រឿង​ដែល​មាន​ផ្ទុក​អាវុធ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​បាន​មក​ពី​ប្រទេស​អ៊ីរ៉ង់។ ប្រទេស​ទាំងអស់​ក្នុង​តំបន់ ​ជឿ​ជាក់​ថា ​អាវុធ​នោះត្រូវ​បាន​គេ​ដឹក​ជញ្ជូនទៅ​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​ក្នុង​ប្រទេស​យេម៉ែន។

ឧបទ្ទវហេតុ​នៅ​ពេល​ថ្មីៗ​បំផុត​នេះ ​បាន​កើត​មាន​ឡើង​កាល​ពី​ចុង​ខែ​មីនា។ នាវា​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បានរឹបអូស​យក​កាំភ្លើង​ប្រភេទ AK-47 ប្រដាប់​បាញ់​គ្រាប់​រ៉ុកែ្កត​ ហើយ​និង​កាំភ្លើង​ពី​កប៉ាល់​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ប្រទេស​អូម៉ង់។

រដ្ឋាភិបាល​អ៊ីរ៉ង់ ​បាន​ធ្វើ​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ផ្លោង​ ម្តង​ហើយ​ម្តង​ទៀត។​ មន្រ្តី​សហរដ្ឋ​អាមេរិក ​និយាយ​ថា ​ការ​សាកល្បង​នេះ ​មិន​បាន​រំលោភ​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​ទេ ​ក៏ប៉ុន្តែ ​ជា​ការ​រំលោភ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕