ភាពស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានសប្តាហ៍មកនេះនៅខាងក្នុង និងនៅជុំវិញតំបន់ Green Zone ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ត្រូវបានបង្អាក់កាលពីថ្ងៃអង្គារ នៅពេលដែលគ្រាប់រ៉ុកកែតមួយចំនួន ត្រូវបានគេបាញ់ទៅលើស្ថានទូតសហរដ្ឋអាមេរិក ដែលស្ថិតនៅក្នុងតំបន់ដែលមានការការពាររឹងមាំ និងជាទីកន្លែងដែលមានការិយាល័យសំខាន់ៗរបស់រដ្ឋាភិបាល និងការិយាល័យការទូតផ្សេងៗទៀតនៅក្នុងនោះ។
មន្ត្រីអ៊ីរ៉ាក់និយាយថា មានគ្រាប់រ៉ុកកែតយ៉ាងតិចណាស់ក៏ចំនួន ៣ គ្រាប់ដែរនៃគ្រាប់រ៉ុកកែតទាំងអស់ចំនួន ៧ គ្រាប់ ដែលត្រូវបានបាញ់ស្ទាក់ដោយប្រព័ន្ធចាប់រ៉ុកកែត (C-Ram) ដែលត្រូវបានបំពាក់នៅជិតស្ថានទូតសហរដ្ឋអាមេរិក ក៏ប៉ុន្តែ គ្រាប់រ៉ុកកែតខ្លះបានធ្លាក់នៅក្បែរតំបន់ដែលជនស៊ីវិលរស់នៅ ដោយបានសម្លាប់កូនក្មេងយ៉ាងតិចណាស់ម្នាក់ និងធ្វើឲ្យមនុស្សមួយចំនួនទៀតរងរបួស។ ការវាយប្រហារនេះមិនបានធ្វើឲ្យពលរដ្ឋអាមេរិកាំងណាម្នាក់ស្លាប់ ឬរងរបួសទេ។
កាលពីដំបូងឡើយ ក្រុមមួយដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ដែលហៅថា Ashab al-Kahf ដែលប្រភពស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់ពណ៌នាថា ជាសាខារបស់ក្រុម Kataib Hezbollah ដែលជាក្រុមមួយដែលគេតែងតែសង្ស័យថា ជាអ្នកបើកការវាយប្រហារទៅលើទីតាំងនានារបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ បានអះអាងនៅលើបណ្តាញព័ត៌មានសង្គមថា ខ្លួនជាអ្នកធ្វើការវាយប្រហារនេះ។
ប៉ុន្តែក្រោយពីព័ត៌មានអំពីជនស៊ីវិលរងរបួសត្រូវបានចេញផ្សាយ ក្រុម Kataib Hezbollah និងសម្ព័ន្ធមិត្តនយោបាយរបស់ខ្លួននៅក្នុងសភាអ៊ីរ៉ាក់ គឺក្រុម Fatah Coalition បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ដោយបដិសេធអំពីការជាប់ពាក់ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ Shiite នៅក្នុងការវាយប្រហារនេះ។ ពួកគេបានស្ដីបន្ទោសដោយគ្មានភស្តុតាង ទៅលើលទ្ធផលនៃការបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដបានថ្កោលទោសយ៉ាងខ្លាំងទៅលើការវាយប្រហារនេះ ដោយគូសបញ្ជាក់នូវសេចក្ដីរាយការណ៍ដែលថា «ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់បានទទួលស្គាល់ថាខ្លួនជាអ្នកធ្វើការវាយប្រហារនេះម្ដងទៀត»។ សេចក្ដីថ្លែងការណ៍នោះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ឲ្យក្រុមប្រដាប់អាវុធដែលហិង្សានោះ ទទួលខុសត្រូវផងដែរ៕