ការវាយប្រហារដោយកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់បានធ្លាក់ចុះចាប់តាំងពីមានការវាយប្រហារដោយយន្តហោះដ្រូនកាលពីខែមករា ដែលបានសម្លាប់ទាហានអាមេរិក៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី ដែលនៅជិតព្រំដែនប្រទេសស៊ីរី។
ចាប់តាំងពីថ្ងៃទី២ខែកុម្ភៈមក មានការវាយប្រហារតូចតាចតែពីរលើកប៉ុណ្ណោះក្នុងប្រទេសស៊ីរី នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារសងសឹកលើគោលដៅមួយចំនួនក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។
ប៉ុន្តែក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅថា ភាពស្ងប់ស្ងាត់នេះ មិនបានកាត់បន្ថយហានិភ័យនៃជម្លោះតំបន់នោះឡើយ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក លោក Ben Cardin បាននិយាយកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅថា៖ «ប្រទេសអ៊ីរ៉ង់មិនមានការបញ្ជានិងការគ្រប់គ្រងទាំងស្រុងលើក្រុមកម្លាំងគាំទ្រគេទាំងនោះឡើយ។ ការណ៍នេះធ្វើឱ្យស្ថានភាពនៅមានគ្រោះថ្នាក់ជានិច្ច ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ខ្ពស់និងច្បាស់លាស់ ក្នុងនាមជាភាពដឹកនាំរបស់អាមេរិក។ ហានិភ័យនៃការគិតខុសនឹងនាំទៅដល់មិនត្រឹមតែធ្វើឱ្យមានការវាយប្រហារប្រល័យមួយទៀតដល់កងកម្លាំងអាមេរិកប៉ុណ្ណោះទេ ក៏ប៉ុន្តែនឹងអាចនាំទៅដល់ការបញ្ឆេះសង្គ្រាមទាំងស្រុងនៅទូទាំងតំបន់តែម្តង»។
យោធាសហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូន៥គ្រឿងរបស់ក្រុមឧទ្ទាមហ៊ូធីកាលពីថ្ងៃទី២៧ខែកុម្ភៈកន្លងទៅនៅក្នុងសមុទ្រក្រហម។
ទីបញ្ជាការដ្ឋានកណ្តាលកងទ័ពសហរដ្ឋអាមេរិកនិយាយថា យន្តហោះដ្រូនទាំងនេះ បានធ្វើការវាយប្រហារចេញមកពីតំបន់ក្នុងប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី និងថា ដ្រូនទាំងនេះ«បង្កការគំរាមកំហែងក្នុងពេលខាងមុខ ដល់នាវាដឹកទំនិញក៏ដូចជាកងទ័ពជើងទឹកអាមេរិកនិងនាវារបស់ក្រុមសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់ផងដែរ»។
ការវាយប្រហារនេះជាសកម្មភាពថ្មីៗចុងក្រោយក្នុងរយៈពេលជាច្រើនខែ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ក្រុមឧទ្ទាមលើនាវាក្នុងសមុទ្រក្រហម។
ក្រុមឧទ្ទាមហ៊ូធីនិយាយថា គេធ្វើសកម្មភាពវាយប្រហារក្នុងគោលបំណងបង្ហាញសាមគ្គីភាព ជាមួយពលរដ្ឋប៉ាឡេស្ទីនក្នុងពេលសង្គ្រាមកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា។
លោក Cardin និយាយថា៖ «អ៊ីរ៉ង់ចង់បង្កើតឱ្យមានភាពជ្រួលច្របល់និងការឈឺចាប់។ វិធីដែលល្អបំផុតដើម្បីបំផ្លាញការគំរាមកំហែងក្នុងរយៈពេលយូរនោះ គឺត្រូវផ្តល់ជម្រើសបម្រុងមួយ នោះគឺសន្តិភាពដ៏ទូលំទូលាយនិងយូរអង្វែងមួយ ដែលអនុញ្ញាតឱ្យមានសមាហរណកម្មដ៏ពិតប្រាកដក្នុងតំបន់។ ខ្ញុំយល់ថាការងារនេះមិនងាយស្រួលនោះទេ ប៉ុន្តែវាមិនមែនមានន័យថា យើងមិនធ្វើវានោះទេ»។
សេតវិមានបានហៅការវាយប្រហារកាលពីខែមករាលើកកងទ័ពអាមេរិកថា «ជាការគួឱ្យស្អប់ខ្ពើមនិងមិនត្រឹមត្រូវទាល់តែសោះ» និងបានធ្វើការវាយប្រហារសងសឹកតាមអាកាសទៅលើគោលដៅមួយ ដោយសម្លាប់មេដឹកនាំក្រុមឧទ្ទាម Kataib Hezbollahកាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ។
សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សសាធារណរដ្ឋ បានចាត់ទុកយុទ្ធសាស្ត្រទូទៅរបស់រដ្ឋបាលលោក Biden ក្នុងការដោះស្រាយជាមួយប្រទេសអ៊ីរ៉ង់ថាមានភាពទន់ខ្សោយ។
សមាជិកព្រឹទ្ធសភាអាមេរិកលោក Jim Risch ដែលជាអនុប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអំពាវនាវដល់រដ្ឋបាលអាមេរិកឱ្យធ្វើការល្អប្រសើរជាងមុន ក្នុងការរាំងខ្ទប់មិនឱ្យអ៊ីរ៉ង់ទទួលបានប្រភពធនធានដើម្បី ប្រព្រឹត្តសកម្មភាពភេរវកម្ម។
លោក Risch បាននិយាយកាលពីថ្ងៃទី២៨ ខែកុម្ភៈថា៖ «រដ្ឋបាលលោក Biden មិនបានធ្វើសកម្មភាពប្រឆាំងនឹងគោលនយោបាយរបស់អ៊ីរ៉ង់ឡើយ ក្រៅតែពីការចរចាបញ្ហាអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ។ យើងត្រូវដាក់ចេញគោលនយោបាយហុំព័ទ្ធមួយ។ ប្រទេសអ៊ីរ៉ង់មិនគិតដូចបស្ចិមប្រទេសទេ ហើយប្រទេសនេះមិនអាចរៀនសូត្រឬផ្លាស់ប្តូរសកម្មភាពឡើយ»។
លោក Brian Hook អតីតតំណាងពិសេសសហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ីរ៉ង់ក្នុងរដ្ឋបាលលោក Trump បានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា ខ្ញុំជឿថាអ៊ីរ៉ង់ដឹងថា ខ្លួនអាចពង្រីកសម្ព័ន្ធមិត្តយោធានិងនយោបាយរបស់ខ្លួនដោយសុវត្ថិភាព ព្រោះដោយសារតែការមិនចូលចិត្តជ្រៀតជ្រែកទៅលើសកម្មភាពយោធានៃរដ្ឋបាលរបស់លោក Biden។ រដ្ឋបាលរបស់លោក Biden មិនចង់ឱ្យមានភាពតានតឹងលើស្ថានភាពដែលគ្មានភាពតានតឹងនោះ។ របបអ៊ីរ៉ង់មានការចម្រើនទៅមុខនៅក្រោមយុទ្ធសាស្ត្រនេះ។ កងទ័ពអាមេរិកមិនដូច្នោះឡើយ»។
គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានចាត់ទុកច្បាប់របស់លោក Risch ថាធ្វើឱ្យមានភាពប្រសើរឡើង ក្នុងការអនុវត្តការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រេងរបស់អ៊ីរ៉ង់។
សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ លោក Chris Murphy បានប្រាប់វីអូអេដូច្នេះថា៖ «ប្រទេសអ៊ីរ៉ង់តែងតែធានាថា ក្រុមសកម្មប្រយុទ្ធ Hezbollah នឹងទទួលបាននូវអ្វីដែលគេត្រូវការ។ ការគាំទ្ររបស់អ៊ីរ៉ង់លើកម្លាំងសម្ព័ន្ធមិត្តគេ ជាមធ្យោបាយដែលមានតម្លៃថោកក្នុងការបង្កហេតុជាមួយសហរដ្ឋអាមេរិក។ ខ្ញុំចង់មានន័យថា យើងល្ងង់ដែលគិតថា ការដាក់ទណ្ឌកម្មប្រេងនៅទីនេះឬទីនោះ នឹងធ្វើឱ្យអ៊ីរ៉ង់ផ្លាស់ប្តូរការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ក្រុមសកម្មប្រយុទ្ធដូចជាក្រុម Hezbollah ជាដើម»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ