អ៊ីរ៉ង់​ប្រកាស​ឈប់​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ក្រោយ​សហរដ្ឋអាមេរិក​សម្លាប់​មេដឹកនាំ​យោធា​កំពូល​​របស់​ខ្លួន

បាតុករ​ស្រែក​ឃ្លា​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល ខណៈ​ដែល​ពួកគេ​លើក​បដា​រូបភាព​មេបញ្ជាការ​កំពូល​អ៊ីរ៉ង់​លោក Qasem Soleimani ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​សម្លាប់​តាម​ផ្លូវ​អាកាស​កាល​ពី​ថ្ងៃ​សុក្រ។

រដ្ឋាភិបាល​អ៊ីរ៉ង់​ប្រកាស​ថា ខ្លួន​នឹង​មិន​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ទៀត​ទេ ហើយ​ថា ខ្លួន​នឹង​ឈប់​ដាក់​កម្រិត​ទៅ​លើ​បរិមាណ​ជាតិ​អ៊ុយរ៉ានីញ៉ូម​ដែល​ខ្លួន​ប្រើប្រាស់​ទៀត​ហើយ។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​ប្រឹក្សា​សន្ដិសុខ​ជាតិ​អ៊ីរ៉ង់​បើក​ការ​ប្រជុំ​ជា​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ពិភាក្សា​អំពី​គោលនយោបាយ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ក្រោយ​ពី​មេដឹកនាំ​យោធា​កំពូល​អ៊ីរ៉ង់ ​លោក​ឧត្តមសេនីយ៍ Qassim Soleimani ត្រូវ​បាន​សហរដ្ឋអាមេរិក​សម្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​។

សេចក្ដីថ្លែងការណ៍​នោះ​បាន​សរសេរ​ថា៖ «សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នឹង​ឈប់​អនុវត្ត​ទៅ​តាម​ការ​ដាក់​កម្រិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ទៀត​ហើយ។ ដូច្នេះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នឹង​គ្មាន​ការ​ដាក់​កម្រិត​នៅ​ក្នុង​ការ​ផលិត​ទេ ដែល​រួម​មាន​ទាំង​កម្រិត​លើ​សមត្ថភាព​ ភាគរយ និង​បរិមាណ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ ការ​ស្រាវជ្រាវ និង​ការ​ពង្រីក​សមត្ថភាព»៕